រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា វិបត្តិអាកាសធាតុ បាននិងកំពុងបង្កើតនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ធនធានទឹក ការអប់រំ ការចូលរួមរបស់កុមារ និងវិបត្តិជុំវិញការការពារកុមារ និងបានគំរាមកំហែងដល់ការរស់រាន និងសិទ្ធិរបស់កុមារ ដូចដែលបានបញ្ជាក់នៅក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។

ការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារសន្ទស្សន៍ហានិភ័យ អាកាសធាតុសម្រាប់កុមារនៅកម្ពុជា (CCRI) នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។

នាឱកាសនោះដែរ លោកបណ្ឌិតរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត។ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយកន្លងមកយើងបានទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើងកម្តៅ ខ្យល់ព្យុះធ្ងន់ធ្ងរ កំណើនកម្ពស់ទឹកសមុទ្រ ជាពិសេសនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា៖ «ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ និងគ្រប់កម្រិត តាមរយៈការអនុវត្តគោលនយោបាយ ផែនការសកម្មភាពច្បាស់លាស់ ជាពិសេសតាមរយៈការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការតាមវិស័យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ វិបត្តិអាកាសធាតុ បាននឹងកំពុងបង្កើតនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ធនធានទឹក ការអប់រំ ការចូលរួមរបស់កុមារ និងវិបត្តិជុំវិញការការពារកុមារ និងបានគំរាមកំហែងដល់ការរស់រាន និងសិទ្ធិរបស់កុមារ ដូចដែលបានបញ្ជាក់នៅក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្នុងន័យនេះ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ UNICEF នៅឆ្នាំ២០២៣ ដើម្បីរៀបចំសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា (Children’s Climate Risk Index) ដើម្បីកំណត់អំពីស្ថានភាពនៃភាពប្រឈម និងភាពងាយរងគ្រោះរបស់កុមារ ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ ព័ត៌មានសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជាផែនទីបង្ហាញផ្លូវបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់សកម្មភាពអាទិភាពដែលគិតគូរដល់សុខមាលភាព និងកិច្ចការពារកុមារដែលងាយរងគ្រោះបំផុត ដោយធានាថាការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺត្រូវបានបញ្ចូល និងផ្តោតលើតម្រូវការរបស់កុមារ និងយុវជន។ ព័ត៌មានទាំងនេះក៏បានផ្តល់ជាធាតុចូលក្នុងការរៀបចំអន្តរាគមន៍ និងកម្មវិធីអប់រំអំពីហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ សំដៅជួយកុមារ និងគ្រួសាររបស់ពួកគេឱ្យយល់ដឹងបន្ថែមពីការគំរាមកំហែងដែលពួកគេប្រឈមមុខ និងការត្រៀមខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត សង្ឃឹមយ៉ាងមុតមាំថា សន្ទស្សន៍ហានិភ័យនេះ គឺជារបកគំហើញថ្មីមួយទៀត ដែលនឹងផ្តល់នូវវិភាគទានដើម្បីជួយតម្រង់ទិសក្នុងការចូលរួមរៀបចំគោលនយោបាយប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុទៅថ្នាក់ក្រោមជាតិ ជាពិសេសការដោះស្រាយបញ្ហាអាកាសធាតុដែលកើតឡើងចំពោះកុមារ។

សូមបញ្ជាក់ថា យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុនេះ បានបង្ហាញថា កុមារកម្ពុជាប្រមាណជិត២លាននាក់ ដែលមានចំនួនច្រើនជាងមួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដូចជាប្រឈមទៅនឹងគ្រោះរាំងស្ងួត ខណៈជាងពាក់កណ្តាលនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងការកើនទ្បើងកម្តៅ ជំងឺដែលបង្កដោយភ្នាក់ងារចម្លង និងខ្យល់កន្ទ្រាក់និងទឹកនឹងជំនន់ទឹកទន្លេ។ មូលដ្ឋានភាគច្រើនប្រឈមនេងបញ្ហាប្រែប្រួលអាកាសធាតុ ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួនក្នុងភូមិភាគឦសាន តំបន់ជុំវិញបឹងទន្លេសាប និងផ្នែកខ្លះនៃតំបន់វាលទំនាប៕