ប្រធានាធិបតីហ្វីលីពីន លោក Marcos សង្ឃឹមថាភាពរឹងមាំនៃសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក នឹងបន្ត ក្រោមអាណត្តិលោក ត្រាំ

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានបង្ហាញក្ដីរំពឹងថាទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោននឹងបន្តរក្សាភាពរឹងមាំ និងថាមពលនៃទំនាកទំនងជាមួយរដ្ឋបាលអាមេរិកថ្មី​ របស់លោក ដូណាល់ ត្រាំ ខណៈសល់មិនដល់មួយសប្ដាហ៍ទៀតទេ លោក ត្រំានឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សហរដ្ឋអាមេរិកមានសន្ធិសញ្ញាសន្តិសុខដ៏ចំណាស់មួយជាមួយហ្វីលីពីនដែលក្នុងនោះរួមមានបញ្ចូលទាំងសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក និងសន្ធិសញ្ញាមួយកាលពីឆ្នាំ២០១៤ដែលអនុញ្ញាតឱ្យ យោធាអាមេរិកស្ដុកទុកបរិក្ខារនៅតាមមូលដ្ឋានទ័ពចំនួន៩ របស់ហ្វីលីពីន។ តែខណៈប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា មានមជ្ឈដ្ឋានមួយចំនួន ក្នុងប្រទេសហ្វីលីពីនកំពុងព្រួយបារម្ភពីអនាគតនៃទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន។ យ៉ាងណាក៏ដោយ លោក Marcos បានបង្ហាញគំនិតសុទិដ្ឋិនិយមនៅក្នុងការបន្តរក្សាភាពរឹងមាំ និងថាមពលក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ ជាពិសេសលើវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានាធិបតីចាំផ្ទះ លោកស្រី Kamala Harris។

គួរបញ្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Kamala Harris ធ្វើឡើងក្នុងសប្ដាហ៍តែមួយ ក្រោយលោក Marcos បើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ដោយមេដឹកនាំនៃប្រទេសទាំង៣ បានអះអាងឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការជំរុញឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ៕