ក្រុមអ្នកស៊ើបអង្កេតថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួន

(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធ ទី១៥ ខែមករានេះថាប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ ក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមអ្នកស៊ើបអង្កេតដែលកំពុងដឹកនាំការស៊ើបអង្កេតលើលោក Yoon Suk Yeol ជុំវិញការចោទប្រកាន់ពីការដឹកនាំសកម្មភាពបះបោរពាក់ព័ន្ធនឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅ បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ក្រុមអ្នកស៊ើបអង្កេតបានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃនេះ (ថ្ងៃទី១៥ ខែមករា) នៅវេលាម៉ោង ១០៖៣៣នាទី (ម៉ោងនៅសេអ៊ូល)»

តាមរយៈការចាប់ខ្លួននេះ លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះជាលើកទី២។ មុនពេលការចាប់ខ្លួន មេធាវីរបស់លោក Yoon បាននិយាយថាលោកប្រធានាធិបតីនឹងយល់ព្រមបង្ហាញខ្លួននៅឯការិយាល័យរបស់ក្រុមអ្នកស៊ើបអង្កេត ប្រសិនបើកងកម្លាំងដកថយចេញពីនិវេសនដ្ឋាន។ តែក្រោយចាប់ខ្លួន មេធាវីរបស់លោក Yoon បានអះអាងថាការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតីគឺជាទង្វើខុសច្បាប់ និងមានចេតនាបំបាក់មុខ រូបលោកជាសាធារណៈ៕