(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃអង្គារនេះ តុលាការប៉ាគីស្ថានបានកាត់ទោស លោក Imran Khan ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ សម្រាប់ការធ្វើឲ្យបែកធ្លាយកិច្ចការសម្ងាត់របស់រដ្ឋ ដែលគណបក្សរបស់លោកនិយាយថា ជាការផ្តន្ទាទោសលើកទី ២ទៅលើរូបលោក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងត្រឹមតែ ១០ថ្ងៃមុនការបោះឆ្នោតជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។
ករណីនេះពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក Khan បានបង្ហាញជាសាធារណៈនូវខ្សែអាត់សំឡេងរបស់ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំសហរដ្ឋអាមេរិក ដែលផ្ញើមកឲ្យរដ្ឋាភិបាលប៉ាគីស្ថាន។ គណបក្ស PTI របស់លោក Khan បានឲ្យដឹងថា ទាំងលោក Khan និងអតីតរដ្ឋមន្រ្តីការបរទេស លោក Shah Mehmood Qureshi ត្រូវបានកាត់ទោសដោយតុលាការពិសេសមួយ ឲ្យជាប់ពន្ធនាគារ ១០ឆ្នាំដូចគ្នា។ គណបក្ស PTI បានប្រកាសថា នឹងប្តឹងជំទាស់ការសម្រេចចិត្តនេះ ហើយចាត់ទុកថាវាជាករណីបន្លំ។
នេះការកាត់ទោសលើកទី ២ ទៅលើអតីតនាយករដ្ឋមន្រ្តីដ៏មានប្រជាប្រិយភាពរូបនេះ ត្រឹមក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ។ លោក Khan ទើបនឹងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំក្នុងសំណុំរឿងពុករលួយ។ ខណៈដែលការជាប់ពន្ធនាគាររបស់លោក ត្រូវបានព្យួរ និងប្រឈមចំពោះការផ្តន្ទាទោសពីបទពុករលួយ លោក Khan មិនអាចចូលរួមក្នុងការបោះឆ្នោតជាតិ នៅសប្តាហ៍ក្រោយនេះបានទេ។
គួរបញ្ជាក់ថា លោក Khan បានប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើន បន្ទាប់ពីត្រូវទម្លាក់ចេញពីអំណាចក្រោយចាញ់ការបោះឆ្នោត ផ្តល់ទំនុកចិត្តក្នុងសភា កាលពីឆ្នាំ ២០២២៕