(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍៩ចំណុច ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍន៍វិស័យកសិកម្ម
និងលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យកសិកម្មរបស់កម្ពុជា។
សម្តេចដាក់ចេញអនុសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញបិទសន្និបាតបូកសរុបការងាឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
អនុសាសន៍របស់សម្តេចធិបតី ទាំង៩ចំណុចនេះ រួមមាន៖
ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័ននានា, រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យកសិកម្មកម្ពុជា តាមរយៈការតាមដាន និងវាយតម្លៃជាប់ជាប្រចាំ នូវស្ថានភាពទីផ្សារ និងនិន្នាការថ្លៃកសិផល សំដៅដាក់ចេញវិធានការសមស្រប និងទាន់ពេល, ការស្រាវជ្រាវ និង អភិវឌ្ឍសម្រាប់ផលិតគ្រាប់ពូជសុទ្ធ មានគុណភាពល្អ និងទិន្នផលខ្ពស់ ទាំងស្រូវ និងបន្ល សម្រាប់ផ្គត់ផ្គង់ដល់កសិករឱ្យបានគ្រប់គ្រាន់ និងការកែច្នៃ និងវេចខ្ចប់ ផលិតផលអាហារក្នុងស្រុក ឱ្យមានអនាម័យ គុណភាព និងសុវត្ថិភាព ស្របតាមស្ដង់ដាអន្តរជាតិ។
ទី២. ការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្មមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ កំណើនប្រកបដោយចីរភាព និង បរិយាប័ន្ន ជាពិសេសការបន្តកាត់បន្ថយភាពក្រីក្រី និងវិសមភាព សេដ្ឋកិច្ចរបស់ប្រជាជន។ ក្នុងន័យនេះ ខ្ញុំសូមជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលលើផ្នែកហិរញ្ញវត្ថុ ដើម្បីពិនិត្យ សិក្សា និង ស្វែងរកប្រភពថវិកា និងយន្តការហិរញ្ញវត្ថុផ្សេងៗដែលអាចប្រើប្រាស់បាន ដើម្បីបង្កើន និងពង្រីកឥណទានដល់វិស័យដ៏សំខាន់នេះ ក្នុងការលើកកម្ពស់ផលិតកម្ម ផលិតភាព និងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្ល ផលិតផលកសិកម្មទាំងមូល។
ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងគ្រប់អង្គភាពពាក់ព័ន្ធ បន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និងព្រៃកោងកាង ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងប្រភេទមច្ឆាងាយរងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយបន្តលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រការងារអភិរក្ស និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេល ក្នុងការបង្ក្រាបបទល្មើស។ ជាមួយគ្នានេះ ត្រូវជំរុញការអភិវឌ្ឍ វារីវប្បកម្មតាមគ្រប់រូបភាព រួមទាំងការលើកទឹកចិត្តដល់ការវិនិយោគឯកជនលើផ្នែកវារីវប្បកម្ម និងការកែច្នៃ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និង បង្កើនការនាំចេញ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងសហគមន៍នេសាទឱ្យមានសមត្ថភាពរឹងមាំលើការងារអភិរក្ស និង មានលក្ខណៈទំនើប តាមឧត្តមានុវត្តអន្តរជាតិ។
ទី៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្ត ជំរុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងការទន្ទ្រានដីព្រៃ ឱ្យកាន់តែមាន ប្រសិទ្ធភាព ។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវរួមសហការពង្រឹងការងារនេះ ដោយ ប្រើប្រាស់កម្លាំង និងមធ្យោបាយចាំបាច់នានា ដើម្បីស៊ើបអង្កេត និងកំណត់ឱ្យបានច្បាស់នូវមុខ សញ្ញាមេខ្លោង និងខ្សែរយៈដែលនៅពីក្រោយការទន្ទ្រានដី និងការបំផ្លាញព្រៃឈើ ដើម្បីដាក់ឱ្យ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះត្រូវបង្កើនការដាំឈើ ជំរុញឧស្សាហកម្មឈើដាំ និងសម្រួលការនាំចូលផលិតផលឈើ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងផ្ដល់ ជម្រើសមុខរបរផ្សេងៗ ដល់ប្រជាពលរដ្ឋពឹងអាស្រ័យផលពីព្រៃឈើ សម្រាប់កាត់បន្ថយសម្ពាធ លើធនធានព្រៃឈើ ។
ទី៥. ខ្ញុំសូមលើកទឹកចិត្តដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បន្តសហការជាមួយ ក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម ។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការផ្តល់ព័ត៌មានអំពីការព្យាករអាកាសធាតុ ជាពិសេសទឹកជំនន់ និងគ្រោះរាំងស្ងួតឱ្យបានទៀងទាត់ និងទាន់ពេល ព្រមទាំងជួយសិក្សា និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគ្រប់គ្រង ទឹកជំនន់រដូវវស្សា និងរក្សាទឹកទុកសម្រាប់ប្រព័ន្ធស្រោចស្រព និងការប្រើប្រាស់នៅរដូវប្រាំង ។
ទី៦. ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចសហការល្អ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះបញ្ជីដីរដ្ឋ ដូចជា ដីសម្បទានសេដ្ឋកិច្ច ដីព្រៃសហគមន៍ ចម្ការឈើដាំ សហគមន៍ នេសាទ និងកន្លែងអភិរក្សជលផល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ និងគ្រប់គ្រងប្រើប្រាស់ ជាប្រយោជន៍ដល់ការអភិវឌ្ឍ វិស័យកសិកម្ម ប្រកបដោយចីរភាព។
ទី៧. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញ ការកែទម្រង់ស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្មឱ្យ កាន់តែរីកចម្រើនថែមទៀត ជាពិសេសត្រូវជំរុញបង្កើនសមត្ថភាពវិទ្យាស្ថាន និងមន្ទីរពិសោធន៍ជាតិ កសិកម្ម ដើម្បីគាំទ្រការងារស្រាវជ្រាវកសិកម្ម និងការបង្កើតគណៈបសុពេទ្យ សំដៅលើកកម្ពស់ ការគ្រប់គ្រងវិជ្ជាជីវៈបសុព្យាបាល និងការចិញ្ចឹមសត្វ។
ទី៨. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវសិក្សាពីតម្រូវការធនធានមនុស្ស សម្រាប់ការងារសិក្សាស្រាវជ្រាវក្នុងវិស័យកសិកម្ម ទាំងបរិមាណ និងទាំងគុណភាព ដោយផ្អែកលើទំហំការងារជាក់ស្តែង, ការកំណត់តួនាទីភារកិច្ច, ការពិពណ៌នាការងារ, ការវាយតម្លៃលើ លទ្ធផលការងារ, ការរៀបចំគោលនយោបាយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស, ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និង ការអនុវត្តការងារជាដើម។
និងទី៩. ទន្ទឹមនឹងត្រូវបន្តជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន៨០០ នាក់ទៀត ក្នុងឆ្នាំ២០២៤ និង៥៥០នាក់ទៀត នៅឆ្នាំ២០២៥ តាមផែនការគ្រោងទុក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីដែលជ្រើសរើសបាន ហើយរដ្ឋបាលថ្នាក់ក្រោម ជាតិ ជាពិសេសអាជ្ញាធរឃុំ-សង្កាត់ត្រូវយកចិត្តទុកដាក់ដោះស្រាយលើការស្នាក់នៅ និងជីវភាព មន្ត្រីកសិកម្មឃុំឱ្យបានសមរម្យ ។ ដោយឡែក ចំពោះការអភិវឌ្ឍសហគមន៍កសិកម្មទំនើប, ក្រសួងត្រូវគិតគូរបង្វែរគម្រោងមួយចំនួន ដែលមានថវិកាស្រាប់ និងកៀរគរគម្រោងថ្មីៗ ដើម្បីផ្ដល់ការគាំទ្រដល់សហគមន៍កសិកម្មទំនើប៕