សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍ សម្រាប់មនុស្សជំនាន់ក្រោយនោះទេ


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍ សម្រាប់មនុស្សជំនាន់ក្រោយនោះទេ។ ដូចនេះការរក្សាបានបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេលើពិភលោក គឺជាផលប្រយោជន៍សម្រាប់អត្តសញ្ញាណរបស់ជាតិ និងផលសម្រាប់ឱ្យកូនចៅតជំនាន់។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៤នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការការពារតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប មិនមែនការពារដើម្បីផលប្រយោជន៍របស់បុគ្គលណាម្នាក់សម្រាប់រយៈពេលខ្លីនោះទេ ពោលគឺការពារដើម្បីផលប្រយោជន៍សម្រាប់កម្ពុជារយៈពេលវែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើមិនកម្ពុជាមិនការពារបឹងទន្លេសាបទេ កម្ពុជា នឹងបាត់បង់ចំណាត់ថ្នាក់បឹងទឹកសាបដែលធំជាងគេលើពិភពលោក ហើយអាចនឹងក្លាយជាបឹងទឹកសាបដែលតូចជាងគេលើពិភពលោកវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «វាគ្មានតម្លៃដីណាថ្លៃជាងតម្លៃអនាគតរបស់យើងទេ វាគ្មានតម្លៃណាដែលល្អបំផុតអាចកាត់តម្លៃបាននូវការថែរក្សាធនធានធម្មជាតិ ដែលជាផលប្រយោជន៍សម្រាប់អត្តសញ្ញាណជាតិរបស់យើងដែលបឹងទន្លេសាបធំជាងគេលើពិភពលោក និងជាផលសម្រាប់ឱ្យកូនចៅយើងតជំនាន់ទៅទៀតទេ»

បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបសារផ្តាំផ្ញើរដល់ជនទាំងឡាយណាដែលចាប់អារម្មណ៍ទន្ទ្រានចូលមកកាន់កា់ដីនៅតំបន់៣ ជុំវិញទន្លេសាប សូមមានម្ចាស់ការដកថយមុននឹងមានការអនុវត្តច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ពីព្រោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឱ្យបាន និងការពារឱ្យបាន អញ្ចឹងឯកឧត្តមទាំង៦ខេត្ត ត្រូវសន្យាជាមួយខ្ញុំចូលរួមដើម្បីអនុវត្តន៍ ទប់ស្កាត់ការទន្ទ្រានតំបន់៣នេះឱ្យបាន»

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរទាំង៦ខេត្តដែលជាប់នឹងឹងទន្លេសាប ត្រូវធ្វើយ៉ាងណារួមគ្នាទប់ស្កាត់បទល្មើសនៅតាមតំបន់បឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវប្រើអភិក្រមទី៤ របស់សម្តេចឱ្យបានច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, រដ្ឋមន្ត្រី ថោ ជេដ្ឋា និងអភិបាលខេត្តទាំង៦ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធសូមរួមគ្នាជាធ្លុងមួយដើម្បីការពារផលប្រយោជន៍ជាតិ ការពារបឹងទន្លេសាប ដើម្បីធានានូវអត្ថប្រយោជន៍សម្រាប់បប្រទេសជាតិ៕