(តូក្យូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារបានព្យាករថា សេដ្ឋកិច្ចទ្វីបអាស៊ីដែល កំពុងអភិវឌ្ឍន៍ នឹងកើនឡើង ៥,២ភាគរយនៅឆ្នាំនេះ ដែលទាបជាងកំណើននៅឆ្នាំ២០២៣ ប៉ុន្តែខ្ពស់ជាងការព្យាករកាលពីបីខែមុនដោយសារកំណើនសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុកនៅក្នុងប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២៤ ដែលធៀបនឹងការកំណើន ៥,៤ភាគ រយកាលពីឆ្នាំមុន ត្រូវបានដំឡើង ០,៤ភាគរយពីការព្យាករកាលពីខែតុលាឆ្នាំមុន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថា នៅឆ្នាំ២០២៥ ទ្វីបអាស៊ីដែលកំពុងអភិវឌ្ឍន៍ត្រូវបានគេរំពឹងថានឹងកើនឡើង ៤,៥ភាគរយ។
ការប៉ាន់ប្រមាណពីកំណើនរបស់ប្រទេសចិនសម្រាប់ឆ្នាំនេះត្រូវបានដំឡើងចំនួន ០,៤ភាគរយដល់ ៤,៦ភាគរយដោយសារការកើនឡើងការចំណាយរបស់រដ្ឋាភិបាល ទោះបីជាការព្យាករនេះមាន កម្រិតទាបជាងកំណើន ៥,២ភាគរយកាលពីឆ្នាំមុនក៏ដោយ។
មូលនិធិ IMF បានបន្តថា សេដ្ឋកិច្ចរបស់ប្រទេសចិនអាចងើបឡើងវិញលឿនជាងការរំពឹងទុក ប្រសិនបើទីក្រុងប៉េកាំងធ្វើកំណែទម្រង់បន្ថែមលើវិស័យអចលនទ្រព្យ ដូចជាការរៀបចំរចនាសម្ព័ន្ធ ឡើងវិញចំពោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលក្ស័យធន ឬចំណាយច្រើនជាងការរំពឹងទុក ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។
ប៉ុន្តែ IMF ក៏បានព្រមានផងដែរអំពីហានិភ័យដែលថា កំណើនរបស់ប្រទេសចិនអាចមានកម្រិត ទាបជាងការរំពឹងទុកប្រសិនបើអាជ្ញាធរងាកទៅរក «ការរឹតបន្តឹងសារពើពន្ធដោយអចេតនា» ដែលអាចប៉ះពាល់ដល់ការប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
IMFបានបន្ថែមថា៖ «បើអវត្តមានកញ្ចប់គោលនយោបាយរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ទូលំទូលាយសម្រាប់វិស័យអចលនទ្រព្យដែលមានបញ្ហា ការវិនិយោគអចលនទ្រព្យអាចធ្លាក់ចុះលើសពីការរំពឹងទុកនិងមានរយៈពេលកាន់តែយូរជាមួយនឹងផលប៉ះពាល់អវិជ្ជមានសម្រាប់កំណើនក្នុងស្រុក និងដៃគូពាណិជ្ជកម្ម»៕