រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងាឆ្នាំចាស់ និងលើក ទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបិទ សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ វិស័យនេះ ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ផង ដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាសេនាធិការដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បាន ប្រគល់តួនាទី និងភារកិច្ចឱ្យទទួលខុសត្រូវក្នុងវិស័យនេះ។ យោងតាមព្រះរាជក្រឹត្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមុខងារ និងភារកិច្ចរៀបចំនិងដាក់អោយដំណើរការ នយោបាយ អភិវិឌ្ឍន៍វិស័យកសិកម្ម ក្នុងគោលបំណងកែលំអកម្រិតជីវភាពរស់នៅរបស់ប្រជាជនរដ្ឋ, ចូលរួមក្នុង ការរៀបចំគោលនយោបាយកែទំរង់ និងប្រើប្រាស់ដីធី្ល, តម្រង់ទិស និងធ្វើផែនការ អភិវឌ្ឍន៍វិស័យ កសិកម្មគ្រប់ផ្នែក, សម្របសម្រួល តាមដាន និងវាយតម្លៃ លើការអនុវត្តនយោបាយ និងសកម្មភាព អភិវឌ្ឍន៍កសិកម្ម, តាមដានការវិវត្តន៍នៃធនធានធម្មជាតិរបស់វិស័យកសិកម្ម និងសម្រួលដល់ការ ធ្វើអាជីវកម្មធនធានធម្មជាតិទាំងនោះ ដើម្បីបំពេញតំរូវការរបស់ប្រទេសជាតិ និងគោរពលំនឹង អេកូឡូស៊ី, កំណត់បទប្បញ្ញត្តិ ក្នុងការគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិរបស់វិស័យកសិកម្ម និងតាមដានការអនុវត្ត, វាយតម្លៃ និងបណ្តុះបណ្តាលធនធានមនុស្ស សំរាប់ចូលរួមក្នុងការ អភិវឌ្ឍន៍កសិកម្ម ដោយលើកកំពស់កម្រិត យល់ដឹងបចេ្ចកទេស និងបង្កលក្ខណៈប្រើប្រាស់ធនធាន នេះ ឱ្យមានប្រសិទ្ធភាព, ផ្តល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់កសិករ ដើម្បី កែលំអផលិតកម្ម និងផលិតភាពកសិកម្ម, កំណត់គោលការណ៍ និងតាមដានការអនុវត្ត លើកកំពស់ និងកែលំអដំណើរប្រព្រឹត្តទៅរបស់អង្គការវិជ្ជាជីវៈ សមាគមនានា ដែលពាក់ព័ន្ធនិងវិស័យកសិកម្ម, សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយអំពីវិទ្យាសាស្រ្តបច្ចេកទេស និងសេដ្ឋកិច្ច ក្នុងវិស័យកសិកម្មគ្រប់ ផែ្នក, ណែនាំការងារអភិវឌ្ឍន៍ដី និងការកែលំអគុណភាពដី និងប្រើប្រាស់ដីកសិកម្ម ពូជរុក្ខជាតិ ពូជសត្វ ជីគីមី និងថ្នាំកសិកម្មអោយបានសម្តស្រមទៅតាមលក្ខណៈភូមិសាស្រ្ត អាកាសធាតុរបស់ តំបន់ ដើម្បីធានាបានទិន្នផលខ្ពស់ និងរក្សាតុល្យភាពបរិស្ថាន ធម្មជាតិ, ធ្វើសហការជាតិ និងសហ ប្រតិបត្តិការជាមួយបរទេស អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ វិស័យកសិកម្ម គ្រប់ផ្នែក, ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារចូលរួមអនុវត្តការងារពាក់ព័ន្ធ នឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង, ចូលរួមកសាងគោលនយោបាយថ្លៃ និងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម, ប្រមូលថវិកាបង់ ចូលរដ្ឋ ឬសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលចូលរដ្ឋ, ត្រួតពិនិត្យសុវត្ថិ ភាពចំណីអាហារនៃផលិតផលកសិកម្មទាំងអស់ចាប់ពីការផ្តើមផលិតដាំដុះរហូតដល់ដំណាក់កាលចុងក្រោយនៃការកែច្នៃបឋម និងអនុវត្តកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។

ដើម្បីជំរុញការអនុវត្តការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានយន្តការដូចក្រសួងដទៃទៀតដែរ គឺការធ្វើសន្និបាតប្រចាំឆ្នាំ ដើម្បីពិនិត្យមើល ការអនុវត្តន៍ ការងារនៅក្នុងឆ្នាំចាស់ និងដាក់ចេញការងារអនុវត្តន៍បន្តនៅក្នុងឆ្នាំថ្មី។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាន បើកសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យការអនុវត្តន៍ការងារក្នុងឆ្នាំ២០២៣ ព្រមទាំងដាក់ចេញ ការងារសម្រាប់ឆ្នាំ២០២៤។ សន្និបាតនេះមានរយៈពេល៤ថ្ងៃ គឺថ្ងៃទី២៥, ២៦, ២៩ និង៣០ ខែមករា។

ក្នុងសន្និបាតនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំតាមអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត ថ្នាក់ដឹកនាំរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការ សមាគមពាក់ព័ន្ធផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសរំលេចថា ផ្អែកលើសមិទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំ២០២៣ វិស័យកសិកម្មនៅតែរក្សាបានកំណើនវិជ្ជមានក្នុងរង្វង់១ភាគរយ ជាមួយកំណើន នៃតម្លៃបន្ថែមសរុបឡើងដល់ ២៨,២០៧ពាន់លានរៀល ឬស្មើនឹង ៤,៨៤ភាគរយ ធៀបនឹងឆ្នាំមុន ទោះបីជាវិស័យនេះបានទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសាកលក៏ដោយ។

ផលិតផលដំណាំ ជាពិសេសដំណាំស្រូវ និងដំណាំឧស្សាហកម្ម ធានាបានការផ្គត់ផ្គង់ស្បៀងអាហារ ក្នុងស្រុក តម្រូវការកែច្នៃ និងសល់សម្រាប់នាំចេញ។ រីឯផលិតផលបន្លែ និងផ្លែឈើអាចផ្គត់ផ្គង់ តម្រូវការក្នុងស្រុកចន្លោះពី ៧៨ភាគរយ ទៅ ៨០ភាគរយ។ ជាចំណុចគួរឱ្យកត់សម្គាល់មួយទៀត ប្រជាកសិករ បានខិតខំផលិតស្រូវ ពិសេសនៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ ដើម្បីឆ្លើយតបទៅ នឹងការកើនឡើងតម្រូវការទីផ្សារ។ ការកើនឡើងផលិតកម្មស្រូវនេះ ទាមទារឱ្យមានការជួយអន្តរា គមន៍ពីរដ្ឋជាចាំបាច់លើការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព។ ឆ្លើយតបទៅនឹងសភាពការណ៍នេះ ទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធន ធានទឹក និងឧតុនិយម និងក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ បានចុះសម្របសម្រួល និងដោះស្រាយបញ្ហានេះ ជាបន្តបន្ទាប់។

ចំពោះផលិតកម្មសត្វធានាបាននូវការផ្គត់ផ្គង់រហូតដល់ ៩៨ភាគរយ នៃតម្រូវការសាច់សត្វក្នុង ស្រុក។ ជាមួយគ្នានេះ ការវិនិយោគឯកជនលើកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ និងសត្តឃាតដ្ឋានទំនើប បានចូលរួមបង្កើនផលិតកម្មសត្វ និងលើកកម្ពស់អនាម័យ និងសុវត្ថិភាព ដល់អ្នកបរិភោគ។ ការអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសចិញ្ចឹមសមស្រប ជាពិសេស ការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ត្រូវបានលើកកម្ពស់ជាបន្ត បន្ទាប់។

ការគ្រប់គ្រងធនធានជលផលទទួលបានលទ្ធផលជាវិជ្ជមាន ដោយផលនេសាទ និងវារីវប្បកម្ម មានការ កើនឡើងប្រមាណ ០,៤៧ភាគរយ។ ការអនុវត្តវារីវប្បកម្មកំពុងត្រូវបានជំរុញបន្ថែម ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីបង្កើនផលវារីវប្បកម្ម និងកាត់បន្ថយ ការនាំចូល។ ទន្ទឹមនេះ ក្រសួងបានបន្តការបង្វែរមុខរបរ ប្រជានេសាទឱ្យចាប់យកមុខរបរផ្សេង ដើម្បីកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ ការអភិរក្សធនធាន ជលផល និងការពង្រឹង ការទប់ស្កាត់និងការបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈកិច្ចសហការល្អរវាងក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ឋ ព្រមទាំងការចូលរួមពីសហគមន៍នេសាទផងដែរ។

ការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃឈើ ព្រមទាំងការកំណត់ ព្រំប្រទល់ដីព្រៃឈើ ក្រសួងនៅបន្តយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងកិច្ចសហការល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រសួងបាននិងកំពុងជំរុញឧស្សាហកម្មឈើដាំ និងមានទិសដៅសម្រួលការនាំចូលផលិតផលឈើ ដើម្បីកាត់បន្ថយសម្ពាធនៃតម្រូវការឈើប្រើប្រាស់មកលើធនធានព្រៃឈើ។

ដោយឡែកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនានា រួមទាំងវិស័យឯកជនផងដែរ កំពុងត្រូវ បានពង្រឹង និងយកចិត្តទុកដាក់ខ្ពស់ ការរៀបចំផែនការយុទ្ធសាស្ត្រ គោលនយោបាយ ការអភិវឌ្ឍ ធនធានមនុស្ស ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ជាកត្តាគន្លឹះសំខាន់សម្រាប់វិស័យ កសិកម្ម។

ចំពោះការងារកែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ការប្រែប្រួលអាកាសធាតុ ព្រមទាំង ការបញ្ជ្រាបយេនឌ័រនិងកុមារ ក៏ដូចជាការ លើកកម្ពស់ការពង្រឹងរចនាសម្ព័ន្ធចាត់តាំង និងសមត្ថភាពដឹកនាំ គ្រប់គ្រង របស់ក្រសួងទាំងថ្នាក់ កណ្តាល រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ ក៏ត្រូវបានពង្រឹង ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

លើសពីនេះទៀត សេវាគាំទ្រផ្សេងៗ ក៏បានសម្រេចលទ្ធផលការងារតាមផ្នែកនីមួយៗល្អប្រសើរ ស្របតាមគោលការណ៍ និងទិសដៅរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ អង្គភាពជំនាញនីមួយៗ ដែលជាសេនាធិការរបស់ ក្រសួងនឹងបន្តអនុវត្តតាមទិសដៅគោលនយោបាយ និងផែនការយុទ្ធ សាស្ត្រដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៤ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសរំលេចថា ក្នុងឆ្នាំ២០២៣ វិស័យកសិកម្មបាន រួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ និងការចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕