(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅ វ៉ាស៊ីនតោន) បានសន្យាថាសហរដ្ឋអាមេរិកនឹងចាត់វិធានការ សកម្មភាពឆ្លើយតបចាំបាច់នានា ដើម្បីការពារកងទ័ពរបស់ខ្លួន ក្រោយទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ ដោយយន្ដហោះដ្រូន នៅក្នុង ប្រទេសហ្ស៊កដានី បើទោះជារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន សង្កត់ធ្ងន់ថាមិនចង់មានសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។
ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណ លោក Lloyd Austin ដែលទើបតែចូលធ្វើ ការវិញក្រោយទទួលការវះកាត់ជំងឺមហារីក បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន និង រូបលោក នឹងមិនអត់ឱនឱ្យជាដាច់ខាតចំពោះការវាយប្រហារលើកងកម្លាំងអាមេរិក ហើយថាអា មេរិកនឹងចាត់វិធានការសកម្មភាព ចំាបាច់នានា ដើម្បីការពារកងទ័ពអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរបស់រដ្ឋបាលលោក បៃដិន បានបញ្ជាក់ថាសហរដ្ឋអាមេរិក មិនមែនកំពុងចង់ធ្វើ សង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ រីឯខាងមន្ទីរបញ្ចកោណក៏បានអះអាងដែរថាអ៉ីរ៉ង់ ក៏មិនចង់ធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកនោះដែរ៕