(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៣០ ខែមករានេះបានឱ្យដឹងថាកូរ៉េខាងជើងបាន ធ្វើតេស្ដបាញ់មីស៊ីលគ្រូសជាច្រើនគ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរ ភាគខាងលិចរបស់ខ្លួន តែ២ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលគ្រូសចេញពីនាវាមុជទឹក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់ថាយោធារបស់ខ្លួន ចាប់បានសញ្ញានៃមីស៊ីលគ្រូសជាច្រើនគ្រាប់ត្រូវបានបាញ់ឆ្ពោះទៅ កាន់សមុទ្រខាងលិចរបស់កូរ៉េ ខាងជើង នៅម៉ោង ៧៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ អគ្គសនាធិការចម្រុះកូរ៉េខាងត្បូងបន្ថែមថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូង និងសហ រដ្ឋអាមេរិក កំពុងធ្វើការវិភាគលើការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង។
កាលពីថ្ងៃចន្ទម្សិលមិញ កូរ៉េខាងជើង បានអះអាងថាលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និង បញ្ជាដោយផ្ទាល់លើការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ស៊េរីថ្មីចំនួន២គ្រាប់ ដែលជា ប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ មីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីនេះមានឈ្មោះថា Pulhwasal-3-31 ហើយកាលពីសប្ដាហ៍មុន កូរ៉េខាងជើងក៏បានធ្វើតេស្ដបាញ់មីស៊ីលប្រភេទនេះដែរ។
គួរបញ្ជាក់ថា ផ្ទុយពីមីស៊ីលបាលិស្ទីគ ការធ្វើតេស្ដមីស៊ីលគ្រូស មិនត្រូវបានហាមឃាត់នៅក្រោម ទណ្ឌកម្មសព្វថ្ងៃរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង នោះទេ៕