(ហ្គាហ្សាស្ទ្រីប)៖ កងទ័ពអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុង Khan Yunis ដែលជាចំណុចក្តៅចុងក្រោយនៃសង្រ្គាមនៅហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលលក្ខខណ្ឌរបស់ក្រុមហាម៉ាស សម្រាប់ការដោះលែងចំណាប់ខ្មាំង បើទោះបីជាមានសម្ពាធកាន់តែខ្លាំងឡើងពីគ្រួសារចំណាប់ខ្មាំងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានរាយការណ៍ពីការវាយឆ្មក់ដ៏សាហាវនៅពេលយប់នៅក្នុងទីក្រុង Khan Yunis ដែលជាទីក្រុងដ៏ធំបំផុតនៅភាគខាងត្បូង Gaza Strip និងការប្រយុទ្ធគ្នាដោយហិង្សារវាងទាហានអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។
ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សជាង ១២០ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ខណៈពេលដែលការប្រយុទ្ធគ្នាកំពុងប្រមូលផ្តុំនៅភាគខាងត្បូង ប៉ុន្តែវាក៏មិនទាន់ចប់នៅឡើយទេនៅភាគខាងជើង ដោយអាជ្ញាធរហាម៉ាសរាយការណ៍ថា មានការបាញ់ផ្លោងនៅក្នុងតំបន់ហ្គាហ្សា ហើយសាក្សីបានឮសំឡេងផ្ទុះ។ ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីក្រុមហាម៉ាស់កាលពីថ្ងៃអាទិត្យ បានចេញរបាយការណ៍មួយដែលមានកម្រាស់ ១៦ ទំព័រ ដែលក្នុងនោះខ្លួនបានសារភាពថា បានធ្វើ «កំហុសមួយចំនួន» ប៉ុន្តែបានការពារការវាយប្រហារថ្ងៃទី ៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាម៕