សហភាពអឺរ៉ុប ដាក់សម្ពាធលើអ៊ីស្រាអែលលើដំណោះស្រាយរដ្ឋពីរ ជាមួយប៉ាឡេស្ទីន


(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទ (ទី២២ មករា) នេះបានជំរុញឱ្យអ៊ីស្រាអែលឈានដល់ដំណោះស្រាយរដ្ឋពីរជាមួយប៉ាឡេស្ទីន ក្នុងពេលកិច្ចប្រជុំជាមួយអ្នកការទូតជាន់ខ្ពស់មកពីភាគីទាំងពីរ និងប្រទេសអារ៉ាប់សំខាន់ៗនៅទីក្រុងព្រុចសែល។ នេះបើយោងងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា និងការឆ្លើយតបផ្នែកយោធាដ៏បំផ្លិចបំផ្លាញជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងភាពចលាចលថ្មី និងបង្កើនការភ័យខ្លាចនៃការរីករាលជម្លោះនៅទូទាំងតំបន់។

មន្ត្រីសហភាពអឺរ៉ុបបានទទូចថា ឥឡូវនេះវាដល់ពេលដែលត្រូវនិយាយអំពីដំណោះស្រាយចុងក្រោយ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនហើយ។ រដ្ឋមន្ត្រីសហភាពអឺរ៉ុបទាំង ២៧ ប្រទេសបានជួបប្រជុំគ្នាជាលើកដំបូងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz មុនពេលប្រជុំដាច់ដោយឡែកជាមួយប្រធានការទូតរបស់អាជ្ញាធរប៉ាឡេស្ទីន លោក Riyad al-Maliki ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីតក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីអឺរ៉ុបផងដែរ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់អ៊ីស្រាអែលថា «សន្តិភាព និងស្ថិរភាពមិនអាចសម្រេចបានតាមរយៈមធ្យោបាយយោធាតែម្នាក់ឯងនោះទេ»។ នៅពេលជាមួយគ្នានេះ លោកក៏បានចោទជាសំណួរថា «តើពួកគេកំពុងគិតអំពីដំណោះស្រាយអ្វីទៀត? ចង់បង្ខំប្រជាជនប៉ាឡេស្ទីនទាំងអស់ឱ្យចាកចេញ? ឬមួយចង់សម្លាប់ពួកគេទាំងអស់? ៕