សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ជយលាភីទាំង៣រូប​ នៃកម្មវិធីប្រឡងសរសេរតាម អានថ្នាក់ជាតិជាសាធារណៈ «សំណេរអង្គរ»

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ដល់ជយលាភីទាំង៣រូប​ នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិ ជាសាធារណៈ «សំណេរអង្គរ»។

ម្ចាស់ជយលាភីទាំង៣រូបនោះរួមមាន៖ ជយលាភីលេខ១ បេក្ខជន ចេង រតនា, ជយលាភីលេខ២ បេក្ខជន វ៉ន វីដា និងជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់។

ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរ កាន់តែស្រ ឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែម នូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះ របស់ព្រះរាជាណាចក្រកម្ពុជា។
ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិនអាច ខ្វះបាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០របស់កម្ពុជា។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោតសំខាន់ ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្ត ពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អ សម្រាប់ ការសិក្សាពេញមួយជីវិត ។

សូមគូសរំលេចផងដែរ នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយសិស្សជយលាភីនិទ្ទេស A ចំនួន ១ ៦៩១ នាក់ និងសិស្សចំនួន ១៨នាក់ ដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ដោយ បានផ្តាំផ្ញើថា «កូនខ្មែរ ត្រូវចេះភាសាខ្មែរ» ។

ជាមួយគ្នានេះ សម្តេចធិបតី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមស្ថាបនិកព្រឹត្តិការណ៍ សំណេរអង្គរ តំណាងដោយលោក លីម ប៊ុនហុក ក៏ដូចជាការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរ, សាកលវិទ្យាល័យអង្គរ, សហការី និងភាគីពាក់ព័ន្ធក្នុងការរៀបចំទាំងអស់ ដែលបានសហការបង្កើតកម្មវិធី «សំណេរអង្គរ» នាពេលនេះឡើង នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រកបដោយស្មារតីក្នុងការពង្រឹង បន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រឱ្យ កាន់ផុលផុសបន្ថែមទៀត៕