(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក MA Shengkun អគ្គនាយករង នៃនាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។
លោក MA Shengkun បានលើកឡើងថា មុននឹងជំនួបពិភាក្សាជាមួយ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ លោក និងគណៈប្រតិភូ បានចុះទស្សនកិច្ចស្វែងយល់អំពីសកម្មភាពបោសសម្អាតមីននៅទីវាលដោយផ្ទាល់ ដែលរៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហើយ លោក MA បានយល់យ៉ាងច្បាស់អំពីតម្រូវការ និងបញ្ហាប្រឈមនានារបស់កម្ពុជា ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងនោះ លោក MA បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន បទពិសោធន៍ និងជំនាញរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ព្រមទាំងថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អ ប្រសើរក្នុងដំណើរទស្សនកិច្ចនេះ។
ក្នុងនាមក្រសួងការបរទេស និងក្រសួងការពារនៃសាធារណរដ្ឋប្រជាមានិតចិន លោក MA បានតាំងចិត្តបន្តការគាំទ្រដល់កិច្ចសហប្រតិបត្តិការសកម្មភាពមីន ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។
ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ លោក MA Shengkun និងគណៈប្រតិភូ នៅប្រទេសកម្ពុជា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌ ហើយទេសរដ្ឋមន្រ្តី បានអះអាងថាការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនចិន ពិតជាបានចូលរួមដល់ការកាត់បន្ថយជនរងគ្រោះថ្នាក់ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការងារបោសសម្អាតមីន និងផ្តល់ដីដែលមានសុវត្ថិភាពសម្រាប់បង្កបង្កើន។
ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ភាពជាដៃគូ និងការគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ទាំងហិរញ្ញប្បទានឥតសំណង សម្ភារ និងការកសាងសមត្ថភាពនៅកម្ពុជាជាដើម។
ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសម្របសម្រួលពីក្រសួងការបរទេស និងក្រសួងការពារជាតិ នៃប្រទេសចិន សិក្ខាកាម ចំនួន ១៩៩នាក់ មកពីអាជ្ញាធរមីន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កងទ័ពជើងគោក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទទួលបានការឧបត្ថម្ភឲ្យចូលរួមវគ្គបណ្តុះបណ្តាលចំនួន០៦វគ្គ ស្តីពីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅទីក្រុងណានជីន រួមទាំងការផ្តល់សម្ភារបោសសម្អាតមីនដល់សិក្ខាកាមកម្ពុជាផងដែរ៕