កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក ក្រោយសមយុទ្ធយោធាត្រីភាគី រវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន


(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអាស៉ីបូព៌ាមួយនេះ បានធ្វើតេស្តប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមផ្ទៃទឹក ដើម្បីសម្តែងការប្រឆាំងចំពោះការធ្វើសមយុទ្ធយោធារួមគ្នាក្នុងសប្តាហ៍នេះ រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

KCNA បាននិយាយថា ការធ្វើតេស្តប្រព័ន្ធហៅថា Haeil-5-23 ដែលជាប្រភេទដ្រូនវាយប្រហារក្រោមទឹក អាចបំពាក់អាវុធនុយក្លេអ៊ែរ នៅឯដែនសមុទ្រភាគខាងកើតឆ្នេរ របស់កូរ៉េខាងជើង ប៉ុន្តែ មិនបានបញ្ជាក់ឱ្យច្បាស់ៗ អំពីកាលបរិច្ឆេទនៃការធ្វើតេស្តនោះឡើយ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យមួយរូបនៃក្រសួងការពារជាតិកូរ៉េខាងជើង បានចេញមុខរិះគន់សមយុទ្ធយោធារវាងសម្ព័ន្ធមិត្តទាំង៣ ហើយថែមទាំង​បានព្រមានអំពីផលវិបាកដ៏អន្តរាយទៀតផង។

កាលពីថ្ងៃពុធសប្តាហ៍នេះ កងទ័ពជើងទឹកអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ទើបតែបានបញ្ចប់ការធ្វើសមយុទ្ធយោធា ដែលមានរយៈពេល​៣ថ្ងៃ និងមានការចូលរួមពីសំណាក់ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Carl Vinson ខណៈវាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹង​សមត្ថភាពឆ្លើយតបរបស់ពួកគេ ចំពោះការវិវឌ្ឍខ្លាំងឡើងនៃការគំរាមកំហែង មីស៉ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕