(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានចេញប្រកាសគាំទ្រទាំងស្រុងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចេញ អនុក្រឹត្យកំណត់យក ថ្ងៃទី២៩ធ្នូ ជា «ទិវាសន្តិភាព នៅកម្ពុជា» និងជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រ កម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋសភាបានបញ្ជាក់ថា សន្តិភាពនៅកម្ពុជាដែលកើតចេញមកពី នយោបាយឈ្នះឈ្នះ អាចត្រូវបានចាត់ទុកជាដំណាក់កាល សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្ររបស់ កម្ពុជាសម័យបច្ចុប្បន្ន។ នយោបាយនេះមានយុទ្ធសាស្ត្រ និងការដឹកនាំ ផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្ត្រី ហើយសម្តេច បានយកជីវិតផ្ទាល់ធ្វើជាដើមទុនដើម្បី សម្រេចគោលដៅ។ ចំណែកលទ្ធផលដែលទទួលបាន គឺសុខសន្តិភាព និងការបង្រួបបង្រួមជាតិ យ៉ាងពេញបរិបូរណ៍ ដែលមិនអាចកាត់ថ្លៃបាន។ សន្តិភាពនេះបាននិងកំពុងនាំមកជូន ប្រជាពលរដ្ឋ នូវជីវភាពដ៏សុខក្សេមក្សាន្ត និងជាមូលដ្ឋាននៃការអភិវឌ្ឍ ភាពរីកចម្រើន រុងរឿងរបស់ព្រះរាជា ណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។
ជាថ្មីម្តងទៀត រដ្ឋសភាសូមកោតសរសើរយ៉ាងក្រៃលែង ចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែល បានចេញអនុក្រឹត្យកំណត់ «ទិវាសន្តិភាពនៅកម្ពុជា» ឱ្យទៅជាទិវានៃការចងចាំមួយទៀត សម្រាប់ សាធារណជនកម្ពុជា ជាពិសេស កូនចៅជំនាន់ក្រោយៗមកទៀត ដែលគួរតែដឹងនូវ គុណូបការៈរបស់វីរជន ជំនាន់មុនៗ របស់ខ្លួនដែលបានបូជាជីវិតរហូតដល់ធ្វើឱ្យដែនដីសុវណ្ណ ភូមិកម្ពុជា មានសន្តិភាព សេរីភាព និង ការអភិវឌ្ឍដូចសព្វថ្ងៃ ហើយកូនចៅជំនាន់ក្រោយទាំងអស់ គ្នាត្រូវតែចងចាំ និងខិតខំថែរក្សាសមិទ្ធផលដ៏ពិសិដ្ឋ នេះឱ្យខានតែបានតរៀងទៅ៕