អ៊ីស្រាអែលនិយាយថា ខ្លូននឹងបង្ហាញខ្លូននៅមុខតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីប្រឆាំងនឹងសំណុំ រឿងហ្គាហ្សារបស់អាហ្វ្រិកខាងត្បូង


(ហ្សេរុយសាឡឹម)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ បញ្ជាក់ថា អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារ ទី០២ ខែមករា ថា អ៊ីស្រាអែលនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុង ឡាអេ ដើម្បីប្រឈមនឹងការចោទប្រកាន់របស់ប្រទេសអាហ្រ្វិកខាងត្បូង ពីបទប្រល័យពូជសាសន៍ ជុំវិញសង្រ្គាមជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។

កាលពីថ្ងៃសុក្រកន្លងទៅ អាហ្រ្វិកខាងត្បូងបានស្នើសុំតុលាការយុត្តិធម៌អន្តរជាតិ​ (ICJ) ដើម្បីចេញ ដីកាបន្ទាន់មួយដោយប្រកាសថា អ៊ីស្រាអែលកំពុងរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញា ប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ នៅក្នុងយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។

អ្នកនាំពាក្យ លោក Elon Levy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញដូច្នេះ ថា «រដ្ឋអ៊ីស្រាអែលនឹងបង្ហាញខ្លួន នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ដើម្បី លុបបំបាត់ការប្រមាថដ៏គួរឱ្យអស់សំណើចរបស់អាហ្វ្រិកខាងត្បូង»។ លោកបានបន្ថែមថា «យើងធានាមេដឹកនាំនៃប្រទេសអាហ្វ្រិកខាងត្បូងថា ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យអ្នក ហើយវានឹងវិនិច្ឆ័យអ្នកដោយគ្មានមេត្តា»

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជួនកាលគេហៅថា តុលាការពិភពលោក គឺជាកន្លែងរបស់ អង្គការសហប្រជាជាតិ សម្រាប់ដោះស្រាយជម្លោះរវាងរដ្ឋនានា។ ក្រសួង​ការ​បរទេស​អ៊ីស្រាអែល​បាន​និយាយ​ថា​ ពាក្យ​បណ្ដឹងរបស់អាហ្រ្វិកខាងត្បូងថា​ «គ្មាន​មូលដ្ឋាន»