(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា មន្ត្រីបោះឆ្នោតកំពូលនៅក្នុងរដ្ឋ Maine របស់សហ រដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានសម្រេចហាមមិនឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈរឈ្មោះក្នុងការបោះឆ្នោតបឋមឆ្នាំ២០២៤ នៅក្នុងរដ្ឋរបស់ខ្លួនឡើយ ជាការ សម្រេចចិត្តមួយធ្វើឡើងដោយផ្អែកលើច្បាប់វិសោធនកម្មទី១៤ ជុំវិញតួនាទីរបស់លោក ក្នុងព្រឹត្តិ ការណ៍វាយប្រហារលើវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចមួយមានកម្រាស់ ៣៤ទំព័រ លេខាធិការរដ្ឋ Maine លោកស្រី Shenna Bellows ជាអ្នកប្រជាធិបតេយ្យម្នាក់ បានធ្វើការសន្និដ្ឋានថាលោក ត្រាំ ដែលជាបេក្ខជនលេចធ្លោជាងគេក្នុង ចំណោមបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សសាធារណរដ្ឋ បានប្រព្រឹត្តទង្វើញុះញង់ ឱ្យមានការបះបោរ នៅពេល ដែលលោកសាបព្រោះព័ត៌មានក្លែងក្លាយជុំវិញការអះអាងពីលួច បន្លំសន្លឹកឆ្នោតធ្វើឱ្យរូបលោកចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០២០ និងបានជំរុញឱ្យអ្នកគាំទ្ររបស់លោកធ្វើដំណើរទៅកាន់វិមាន Capitol ដើម្បីរារាំងមិនឱ្យ តំណាងរាស្ត្របញ្ជាក់ជាផ្លូវការពីជ័យជម្នះរបស់លោក បៃដិន។
ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកស្រី Shenna Bellows បានផ្អាកការចូលធរមាននៃការសម្រេច ចិត្តរបស់លោកស្រី ដើម្បីបើកផ្លូវឱ្យលោក ត្រាំ ប្ដឹងជំទាស់ទៅកាន់ តុលាការកំពូលប្រចាំរដ្ឋ Maine ខណៈក្រុមមេធាវីលោក ត្រាំ និយាយថាពួកគេនឹងប្ដឹងជំទាស់។
គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើ បានធ្វើឱ្យរដ្ឋ Maine ក្លាយជារដ្ឋទី២ របស់សហរដ្ឋអាមេរិក ដែលបានហាមមិនឱ្យលោក ដូណាល់ ត្រាំ ឈរឈ្មោះក្នុង ការបោះឆ្នោតបឋម ឬការបោះឆ្នោត ជ្រើសរើសបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋនៅឆ្នាំ២០២៤ បន្ទាប់ពីតុលាការកំពូល ប្រចាំរដ្ឋ Colorado។
ការសម្រេចរបស់រដ្ឋ Maine និងរដ្ឋ Colorado គឺធ្វើឡើងដោយផ្អែកលើផ្នែកទី៣ នៃច្បាប់វិសោធន កម្មទី១៤ ដែលកំណត់ពីការហាមឃាត់អ្នកដែលចូលរួម ក្នុងសកម្មភាពឧទ្ទាម ឬការបះបោរ មិន ឱ្យកាន់តំណែងនៅសេតវិមាន។ លោក ដូណាល់ ត្រាំ ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តល្មើស រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងតួនាទីរបស់លោកអំឡុង ការវាយប្រហារលើវិមាន Capitol ពីសំណាក់ក្រុម អ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានចាត់ទុកថាជាសកម្មភាព បះបោរ៕