(កែប)៖ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើង ថា រដ្ឋាភិបាលអាណត្តិទី៧ ដែលទើបមានអាយុកាលជាង ៤ខែ ត្រូវបានសហគមន៍អន្តរជាតិវាយ តម្លៃខ្ពស់ចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបាន និងបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយដឹកនាំប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះរួមទាំងវិស័យ សកម្មភាពមីននៅកម្ពុជាផងដែរ។
នេះជាលើកឡើងរបស់ទេសរដ្ឋមន្រ្តី លី ធុជ តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធាន អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើក ទិសដៅអនុវត្តការងារ បន្តឆ្នាំ២០២៤ របស់អាជ្ញាធរមីន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣ នៅខេត្តកែប។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តទៀតថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាទទួលបាននូវកិត្តិយស និង ការវាយតម្លៃខ្ពស់ពីរដ្ឋភាគីចំនួន១៦៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នូវសមត្ថភាពរបស់កម្ពុជា ដោយបានបោះឆ្នោតជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ឆ្នាំ២០២៤។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងការងារបោសសម្អាតមីន ឆ្នាំ ២០២៣ កម្ពុជាបានដាក់ចេញនូវផែនការបោសសម្អាតផ្ទៃដីមានមីនរហូតដល់ ៣៥៦គីឡូម៉ែត្រ ក្រឡា ដែលជាផែនការប្រចាំឆ្នាំធំជាងគេ ក្នុងរយៈពេល ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២។ ជាមួយគ្នានេះ កម្ពុជាបានក្លាយជាឈានមុខគេ និងត្រូវបានចាត់ទុកជាប្រទេសគំរូនៅលើសកល លោក សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយជោគជ័យលើវិស័យសកម្មភាពមីន។
សមិទ្ធផលទាំងនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តការគាំទ្រយ៉ាងពេញទំហឹង និងមុះមុតក្នុងការដោះស្រាយ បញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គ លិកអាជ្ញាធរមីន រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញការងារសម្រាប់សកម្មភាព មីននៅកម្ពុជាបានយ៉ាងល្អប្រសើរ ចេញពីបេះដូង ការតាំងចិត្ត ការលះបង់ និងមានឆន្ទះខ្ពស់។ ការទទួលជោគជ័យរយៈពេល ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់ យើងទាំងអស់គ្នា និងជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា យើងទាំងអស់គ្នា មិនត្រឹមតែបំពេញបេសកកម្មដើម្បី ស្ថាប័នអាជ្ញាធរមីនប៉ុណ្ណោះទេ យើងថែមទាំងបំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ ការគ្រប់គ្រង និងការសម្របសម្រួលវិស័យសកម្មភាពមីននៅទូទាំងប្រទេស ដោយ ទទួលបានលទ្ធផលគួរជាទីមោទនៈ និងទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ និងគ្រប់មជ្ឈដ្ឋាន ពាក់ព័ន្ធ។ យើងទាំងអស់នឹងរួមគ្នា រំដោះប្រទេសជាតិយើងចេញពីទុក្ខវេទនា និងការគម្រាមកំហែង ពីគ្រាប់មីន។
ក្រោយសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អាជ្ញាធរមីន នៅមានកិច្ចការជាច្រើន ទៀតរួមទាំងការរៀបចំនូវផែនការយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាសំខាន់ៗចំនួន២ រួមមាន ទី១/. ការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន និងទី២/.ការ គាំទ្ររៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនសម្រាប់ក្រោយឆ្នាំ២០២៥។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តប្រកាប់ខ្ជាប់ នូវអកប្បកិរិយា និងឥរិយាបទចំនួន ៧ ចំណុច ក្នុងបំពេញការងារប្រចាំថ្ងៃ រួមមាន៖ ភាពស្មោះត្រង់ចំពោះស្ថាប័ននិងជាតិ ការបំពេញកាតព្វកិច្ច ការគោរពគ្នាទៅវិញទៅមក ការផ្តល់សេវាដោយមិនគិតពីប្រយោជន៍ខ្លួនឯង ការផ្តល់កិត្តិយសឱ្យគ្នា សុចរិតភាព និងសេចក្តីក្លាហាន/ ការពុះពារ៕