ព្រឹកនេះសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន


(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹង អញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះ-ឈ្នះ។

ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ​នៃ នយោ​បាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ – ២៩ ធ្នូ ២០២៣) នៅទីតាំ​ង​វិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់​ពិធី​ឆ្លងឆ្នាំ សកលឆ្នាំ២០២៤។

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ​អនុវត្ត​ប្រកបដោយ ជោគជ័យនយោបាយឈ្នះ-ឈ្នះ ជាការចងចាំនូវការបញ្ចប់​សង្គ្រាម​ស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមក នូវសន្តិភាព និងការឯកភាពជាតិ​ពេញ​លេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។

ការរៀបចំព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ ដែល​ជាសំណង់ប្រវត្តិ សាស្ត្រដើម្បីរំឭកដល់វីរភាព និងគុណតម្លៃ​នៃនយោបាយ​ឈ្នះ-ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាព និង ជាការបង្កើន​ការ​យល់​ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការ​បន្តថែរក្សា​ស្ថិរ​ភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ។

វិមានឈ្នះ-ឈ្នះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិប​តី​ភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ សិស្សានុសិស្ស និងប្រជាពល​រដ្ឋ​យ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ខាងលើ នឹងរៀបចំរយៈពេល៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រោម ការដឹកនាំនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មការអន្តរក្រសួង ដោយមាន​កម្មវិធី​សំខាន់ៗ ដូចជាអបអរសាទរខួបលើកទី២៥ នៃទិវានយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់ក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ, ការបាញ់កាំជ្រួច, ការប្រគំតន្ត្រីសម័យ, ផ្ទាំងទស្សនីយភាពសិល្បៈ, ការតាំងពិ ព័រ​ណ៍ផលិតផល និងមហោស្រពម្ហូបអាហារ ព្រមទាំងកម្ម វិធីកម្សាន្ត​ផ្សេងៗ​ទៀត​។

ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីនយោបាយឈ្នះ-ឈ្នះ តេជោសែន ដែលមិនត្រឹមតែ បញ្ចប់សង្គ្រាមនាំ មកនូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ ប៉ុន្តែ​រក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយ​ចីរភាព​ទៀតផង។ ជាក់ស្ដែងប្រទេសកម្ពុជាក្រោមទង់នៃសន្តិភាពពេញលេញ និង​ការដឹកនាំរបស់រាជរដ្ឋាភិបាលដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលក្រោមម្លប់សន្តិភាពពេញ លេញរយៈពេល​២៥ឆ្នាំ​កន្លងមកនេះ បានធ្វើឱ្យប្រទេសជាតិមានការ អភិវឌ្ឍលើគ្រប់វិស័យទាំង សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀតកាន់ត មានភាពរីក​ចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ទៀត។

បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាល​ទី៧នេះ បានដាក់ ចេញគោលដៅពង្រឹង និងរក្សាសន្តិភាពទៅតាមទស្សន វិជ្ជា​ឈ្នះ-ឈ្នះ ជាមរតកដែលបានបន្សល់ ទុក ហើយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ​បញ្ច​កោណដំណាក់កាលទី១ ដែលមានចក្ខុវិស័យដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ជាមួយគ្នានេះ ក្នុងបរិបទសម័យទំនើបទាមទារ​ឱ្យមាន​ការរួមចំណែកពីបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍប្រទេសជាតិ បូករួមជាមួយ​កម្លាំង​​ចលករ​សកម្មរបស់យុវជនកម្ពុជា និងភាពចាំបាច់កំណត់ការងារអាទិភាព​មួយ​ផ្នែកលើបច្ចេកទេសឌីជីថល រួមជាមួយកិច្ចការបន្តរក្សានូវ​សុខសន្តិភាព​សម្រាប់​ប្រជាជន ប្រកបដោយភាពកត្តញ្ញូ សុខដុម និងការចូលរួម បង្កើនការងារ រក្សាតម្លាភាពសម្រាប់សង្គម ដែលបន្តនាំកម្ពុជាឱ្យមានភាពរីកចម្រើន លើគ្រប់​វិស័យ និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងធំទូលាយ។

ព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យប្រវត្តិសាស្ត្រសរសេរពីវីរជន និងប្រតិបត្តិករពិតដែល​បាន​រួមចំណែក​ក្នុងដំណើរការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់​សង្គ្រាម​ទាំងស្រុងនៅកម្ពុជា បង្កើត សន្តិភាព និងការឯកភាពជាតិពេញលេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជា មគ្គុទ្ទេសក៍ឯក រួមជាមួយ​ប្រតិបត្តិករជាច្រើនរូបបានរួមចំណែក។ ការចូលរួមអបអរសាទរ និងរៀប ចំប្រារព្ធ​ខួប​លើក​ទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ​ជោគជ័យ នយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញពីមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជាជន​កម្ពុជា និងជាកាតព្វកិច្ចមួយរួមចំណែកពី ក្រសួង ស្ថាប័ន ក្នុងការបង្ហាញអំពី​សមិទ្ធ​ផល​នានារបស់រាជរដ្ឋាភិបាល ដែលមានភាពរីកចម្រើនក្នុង សម័យ​កាល​សន្ដិភាព ស្របតាមទិសស្លោក «មានសន្តិភាព មានការអភិវឌ្ឈ ពោលគឺជាសមិទ្ធ​ផល​នៃការរីកចម្រើនក្រោមម្លប់នៃសន្តិភាពពេញលេញ ដើម្បីឱ្យប្រវត្តិសាស្ត្រ សរសេរ និងចារឹកពីយើង សម្រាប់មនុស្សជំនាន់ក្រោយ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជា​ស្ថាប​​និក និងមគ្គុ ទ្ទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះ ព្រមទាំងការចូលរួ​ម​យ៉ាង​សកម្ម​ពីប្រតិបត្តិករក្នុងស្មារតីអនុវត្ត ប្រកបដោយភាពជឿជាក់ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់តម្លៃខ្ពស់ទៅលើសិទ្ធិ រស់រានមានជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការ​ឯក​ភាព​ជាតិពេញ លេញដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​៥០០ឆ្នាំកន្លងមក​ហើយ​៕