UN ជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ «ការសម្លាប់ដោយខុសច្បាប់» ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅ តំបន់ West Bank


(ហ្សឺណែវ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ស្ថានភាពសិទ្ធិមនុស្សនៅតំបន់ West Bank កំពុងធ្លាក់ដុនដាបខ្លាំង ហើយបានជំរុញឱ្យអ៊ីស្រាអែល «បញ្ចប់ការសម្លាប់ដោយខុសច្បាប់» ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

របាយការណ៍មួយដែលបានចេញផ្សាយកនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការប្រើប្រាស់អាវុធ និងមធ្យោបាយយោធាក្នុងអំឡុងពេលអនុវត្តច្បាប់ និងបញ្ឈប់ការឃុំខ្លួន តាមអំពើចិត្ត ការធ្វើទុក្ខបុកម្នេញ និងការរើសអើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា «ការប្រើប្រាស់យុទ្ធសាស្ត្រយោធា និងអាវុធនៅក្នុងបរិបទនៃការ អនុវត្តច្បាប់ ការប្រើប្រាស់កម្លាំងដែលមិនចាំបាច់ ឬមិនសមាមាត្រ និងការអនុវត្តចាប់ទូលំទូលាយ ពេកតាមអំពើចិត្ត និងការរើសអើង បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីន»។ លោកបានសង្កត់ធ្ងន់ថា «​ភាព​តានតឹង​នៃ​អំពើ​ហិង្សា និង​ការ​គាបសង្កត់​ជា​អ្វី​ដែល​យើង​មិន​ធ្លាប់​ឃើញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​»​។

របាយ​ការណ៍​នេះ​បាន​លើក​ឡើង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស ​នៅ​តំបន់​ West Bank និង Jerusalem ខាងកើត ដែល​អ៊ីស្រាអែល​បាន​ដាក់​បញ្ចូល​តាំង​ពី​ថ្ងៃ​ទី ៧ ខែ​តុលា៕