សម្តេចតេជោ សួរអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៖ ជាង៣ឆ្នាំ​មុន បើកម្ពុជាមិនឱ្យនាវាវេស្ទើដាមចូលចត តើជីវិតមនុស្សលើនាវា​ទៅជាយ៉ាងណា?


(ភ្នំពេញ)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះវីដេអូឃ្លីបខ្លី​មួយបង្ហាញសកម្មភាពអ្នកទេសចរនាវា វេស្ទើដាមរាំលេងកម្សាន្តមុនពួកគេឡើងនាវាចាកចេញពីកម្ពុជា។

ជាមួយការបង្ហោះវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការ​សម្រេច​ចិត្ត​របស់សម្តេច អនុញ្ញាតឱ្យនាវានេះចូលចតនៅកម្ពុជា កាលពីជាង៣ឆ្នាំមុន ពោល​គឺនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីប្រទេសច្រើនមិនអនុញ្ញាតឱ្យ​នាវា​នេះ​ចូលចតព្រោះខ្លាចការរាតត្បាតជំងឺកូវីដ១៩។

ទន្ទឹមនឹងការរំលឹកបែបនេះ សម្តេចតេជោ ក៏បានលើកជាសំណួរថា ពេលនោះ​ប្រសិន​កម្ពុជាមិន ឱ្យនាវានេះ ចូលចត តើជីវិត​មនុស្ស​​នៅលើវានានេះទៅ​ជាយ៉ាង​ណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន?

សម្តេចតេជោ បានបញ្ជាក់ថា សំណួរនេះ សម្តេចចង់បានចម្លើយពីអ្នកតាំង​ខ្លួនជា​បិតា​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឆ្លើយជា​មួយ​សំណួរ​នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីទស្សនៈ និងជំហរមុតមាំ​របស់​សម្តេចថា តាំងពីដើម ដល់ចប់សិទ្ធិរស់រានមានជីវិត គឺជាចំណុចសំខាន់ជាងគេ ព្រោះបើស្លាប់ទៅហើយ តើមានសិទ្ធិ និងប្រជាធិបតេយ្យអ្វីទៀត?

សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចរណ៍វេស្ទើដាមជាមួយអ្នក​ទេសចរ និងអ្នកបម្រើ ការងារលើនាវាសរុប​ជាង២ពាន់នាក់ បានតែលតោលលើ​មហា​សាគររយៈពេលប្រមាណជា២ សប្តាហ៍ បន្ទាប់ពីកំពង់ផែនៅតាមប្រទេសជា​រហូតដល់ទៅ៥មិនអនុញ្ញាតឱ្យនាវាចូលចត ក្រោយ មានការសង្ស័យថាអ្នកទេស​ចរ​លើនាវាកើតជំងឺកូវីដ១៩។

ស្ថានទូតអាមេរិកនៅកម្ពុជា តាមរយៈលោក ស៊ុន ចាន់ថុល ដែលមានឋានៈជា​ទេស​​រដ្ឋមន្ត្រីនាពេល នោះ បានស្វះស្វែងសុំការអនុញ្ញាតពី​សម្តេច​តេជោ ហ៊ុន សែន ដើម្បីឱ្យនាវានេះចូលចតនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មិនអល់អែកនោះឡើយ ក្រោយទទួលបាន​សំណើ​សម្តេច​តេជោ បាន អនុញ្ញាតឱ្យនាវានេះចូលចតនៅថ្ងៃទី១៣ ខែកុម្ភៈ។ មិនត្រឹម​តែអនុញ្ញាតឱ្យចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ មួយថ្ងៃបន្ទាប់ពី​នាវា​ចូល​ចតហើយនោះ សម្តេចតេជោ បានអញ្ជើញទៅទទួល អ្នកដំណើរចុះពីនាវា​ដោយ​ផ្ទាល់ អមជាមួយផ្កាកូលាប និងក្រមាថែមទៀតផង។

ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ នាំឱ្យមានការ​កោត​សរសើរ និងស្ញប់ ស្ញែងយ៉ាងកក្រើកលើឆាកអន្តរជាតិ។ ប៉ុន្តែសម្រាប់ក្រុមប្រឆាំង​នៅ​កម្ពុជាពេលនោះ គេមិនស្វាគមន៍ ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ហើយពួកគេថែមទាំងរិះគន់ការសម្រេច ចិត្តរបស់សម្តេចតេជោថែម​ទៀតផង។

ពេលនោះអ្នកទេសចរលើនាវាទាំងអស់មិនត្រូវបានរកឃើញអ្នកកើតជំងឺកូវីដ១៩នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅពេលនោះថា កុំថាឡើយ​គ្មាន​អ្នកកើតជំងឺកូវីដ១៩ បើ មានអ្នកកើតវិញ សម្តេចរឹតតែត្រូវឱ្យនាវាចូលចត​ឱ្យ​បានលឿនថែមទៀត ដើម្បីជួយសង្គ្រោះជីវិត មនុស្ស។ កាយវិការប្រកបដោយ​មនុស្សធម៌របស់សម្តេចតេជោ នាំឱ្យគេប្រសិទ្ធនាមកម្ពុជាថា ជា ប្រទេសតូច តែ​មាន​បេះដូងធំ គឺបេះដូងពោរពេញដោយមនោសញ្ចេតនា និងការស្រឡាញ់មនុស្ស ជាតិលើពិភពលោកយ៉ាងធំធេងបំផុត៕