លោក​ ហួត​ ហាក់​ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន​ នៅខេត្តកំពង់ចាម


(កំពង់ចាម)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ នៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ៣០២៣នេះបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ចាម​ ដោយមានការចូលរួមពីលោក​ លោកស្រី​ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ សមាជិកគណៈកម្មាធិការគណបក្សស្រុក ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងប្រធានសាខាបក្សភូមិ សរុប ២០០រូប។

ក្នុងឱកាសនាពេលនោះ លោក​ ហួត​ ហាក់​ ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង ដែលគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។

ឆ្លៀតក្នុងឱកាសនេះ លោក​ ហួត​ ហាក់​ ក៏បានគូសរំលេចនូវចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងខ្លឹមសារសំខាន់ៗ នៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា អំពីមហាសន្និបាត បានសម្តែងនូវការគោរព និងដឹងគុណក្រៃលែង ចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្នូលដឹកនាំរបស់គណបក្ស និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា និងមហាសន្និបាត បានបោះឆ្នោតបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប (ធ្វើឱ្យបរិមាណសមាជិកគណៈកម្មាធិការកណ្តាលមានចំនួនសរុប ១ ៣១២រូប)។

លោក​បានបន្ថែមទៀតថា​ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ២៣រូប, បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលចំនួន ៧រូប, និងបោះឆ្នោតជ្រើសតាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងមហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, បច្ចេកវិទ្យា ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

មហាសន្និបាត ក៏ដាក់ចេញនូវគោលដៅបន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាពតាមអភិក្រម «ឆ្លះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាល និងវះកាត់» ក៏ដូចជាមហាសន្និបាត ផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការកសាង និងពង្រឹងគណបក្សឱ្យបានកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង មានសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ផ្សារភ្ជាប់ជាមួយប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ពង្រឹងគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ព្រមទាំងកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព៕