អង្គភាពដោះស្រាយបណ្តឹងឧទ្ធរណ៍ នៅតែជាចំណោទក្នុងផែនការកំណែទម្រង់អង្គការ WTO

 (ហ្សឺណែវ)៖ សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) រួមទាំងឥណ្ឌា និងចិនកាលពី ថ្ងៃចន្ទបានសម្តែងក្តីបារម្ភថា កំណែទម្រង់ដែលបានស្នើឡើងជាបន្តបន្ទាប់ទៅកាន់អង្គការនេះមិន បានលើកឡើងពីមាត្រាស្តីពីការបើកដំណើរការឡើងវិញនូវអង្គភាពបណ្តឹងឧទ្ធរណ៍របស់ខ្លួនទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលបានដកស្រង់ប្រភពដែលបានដឹងពីបញ្ហានេះ។

ប្រទេសជាសមាជិករបស់អង្គការ WTO កំពុងពិនិត្យមើលសំណើរព្រាង ដែលត្រូវបានចាត់ទុកថាជា កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតមួយគិតរហូតមកដល់បច្ចុប្បន្ន ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធដែល ដំណើរការបានតែមួយផ្នែកនេះគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មក ដោយសារតែការរារាំងរបស់ សហរដ្ឋអាមេរិកក្នុងការបញ្ចូនចៅក្រមទៅកាន់ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់អង្គការនេះ។

ប្រភពដដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សេចក្តីព្រាងចុងក្រោយបង្អស់នេះនៅតែមិនមាន ផែនការសម្រាប់ការកែលម្អឡើងវិញនូវស្ថាប័នបណ្តឹងឧទ្ធរណ៍ដដែល បើទោះបីជាប្រទេសភាគច្រើន ព្យាយាមសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងអាប៊ូដាប៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះក៏ដោយ។

ប្រភពមួយដែលបានតាមដានកិច្ចប្រជុំឯកជនកាលពីថ្ងៃចន្ទនៅទីក្រុងហ្សឺណែវបានលើកឡើងថា ប្រទេសឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាប្រទេសដែលបានបង្ហាញក្ដីបារម្ភនោះ និងបានប្រាប់ ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «សមាជិកមួយចំនួនបានសម្តែងការព្រួយបារម្ភថា មិនមានអ្វីលើកឡើង អំពីស្ថាប័នបណ្តឹងឧទ្ធរណ៍នៅក្នុងអត្ថបទដែលបានកែសម្រួលនោះទេ»

ប្រទេសនានាមានបំណងដោះស្រាយប្រព័ន្ធបណ្តឹងឧទ្ធរណ៍នេះ ដើម្បីអនុញ្ញាតឱ្យជម្លោះពាណិជ្ជកម្ម តម្លៃរាប់ពាន់លានដុល្លារត្រូវបានដោះស្រាយជាថ្មី។ បច្ចុប្បន្ននេះ ប្រទេសដែលមានជម្លោះនៅតែ អាចដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នដោះស្រាយបណ្តឹងជាន់ទាបនៃអង្គការ WTO បាន ប៉ុន្តែ ប្រសិនបើពួកគេមិនទទួលយកលទ្ធផលដំណោះស្រាយនៅស្ថាប័នជាន់ទាបទេ សំណុំរឿងនឹងជាប់ គាំងនៅស្ថាប័នបណ្តឹងឧទ្ធរណ៍ជាទីដែលករណីប្រហែល ៣០ មិនទាន់ទទួលបានដំណោះស្រាយ នៅឡើយនៅពេលនេះ។

លោក Marc Molina តំណាងអចិន្ត្រៃយ៍របស់ប្រទេសហ្កាតេម៉ាឡាប្រចាំអង្គការ WTO ដែលកំពុង សម្របសម្រួលកិច្ចពិភាក្សានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ការចរចានៅ តែបន្តធ្វើឡើង។

លោកបានមានប្រសាសន៍ថា៖ «ក្នុងការដោះស្រាយបញ្ហាស្ថាប័នឧទ្ធរណ៍ គណៈប្រតិភូកំពុងស្វែង រកយ៉ាងសកម្មនូវដំណោះស្រាយដែលមានសក្តានុពលដែលអាចផ្សះផ្សាទស្សនៈចម្រុះដែលលើកឡើង ដោយប្រទេសជាសមាជិក»

សហរដ្ឋអាមេរិកដែលបានរិះគន់អតីតស្ថាប័នបណ្តឹងឧទ្ធរណ៍ចំពោះភាពគ្មានប្រសិទ្ធភាពនិងការធ្វើការងារហួសព្រំដែនរបស់ស្ថាប័ននេះ ដោយបាននិយាយថា ភាពច្នៃប្រឌិតចាំបាច់ត្រូវមានសម្រាប់ ស្ថាប័ននេះដើម្បីធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀត។

មន្ត្រីអាមេរិកមួយរូបត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថ្លែងថា៖ «ខណៈពេលដែលយើងទន្ទឹងរង់ចាំ យើងត្រូវតែទទួលស្គាល់ថាមានការងារសន្ធឹកសន្ធាប់ដែលត្រូវធ្វើ និងថា ការ សម្រេចបានកំណែទម្រង់ដំណោះស្រាយជម្លោះជាមូលដ្ឋាននឹងមិនងាយស្រួលទេ»