ប្រធានក្រុមហ៊ុនអចលនទ្រព្យវៀតណាមប្រឈម នឹងការកាត់ទោសពីបទការក្លែងបន្លំដកប្រាក់ជាង ១២ពាន់លានដុល្លារ


(ហាណូយ)៖  តាមទីភ្នាក់ងារព័ត៌មាន AFP បានប្រាប់អោយដឹងថាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាល វៀតណាមបានឱ្យដឹងថា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ Van Thinh Phat របស់វៀត ណាមនឹងត្រូវកាត់ទោសដោយចោទប្រកាន់កេងប្រវ័ញ្ចប្រាក់ចំនួន ១២,៥ ពាន់លានដុល្លារពី ធនាគារមួយ «ក្នុងគោលបំណងផ្ទាល់ខ្លួន»។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដក ស្រង់ព័ត៌មានពីគេហទំព័ររដ្ឋាភិបាលវៀតណាមដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា លោកស្រី Truong My Lan នឹងត្រូវកាត់ទោសនៅតុលាការប្រជាជនទីក្រុងហូជីមិញពីបទកេងបន្លំ ស៊ីសំណូក និងបំពានបទប្បញ្ញត្តិធនាគារ តែមិនបានបញ្ជាក់ថាតើការកាត់ក្តីនឹងចាប់ផ្តើមនៅពេលណានោះទេ។

យោងតាមគេហទំព័ររដ្ឋាភិបាល លោកស្រី Lan ត្រូវបានចោទប្រកាន់ថាបានបង្កើតពាក្យស្នើ សុំកម្ចីក្លែងក្លាយដើម្បីដកប្រាក់ពីធនាគារ Saigon Commercial Bank (SCB) ដែលលោកស្រីកាន់ កាប់ភាគហ៊ុនជាង ៩០ភាគរយនៃភាគហ៊ុនសរុបរបស់ធនាគារនេះ។

គេហទំព័ររដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា៖ «ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោកស្រី Truong My Lan បានចេញបញ្ជាឱ្យបង្កើតពាក្យស្នើសុំប្រាក់កម្ចី ក្លែងក្លាយចំនួន ៩១៦ពាក្យស្នើសុំ ដែលដកយកប្រាក់បានជាង ៣០៤លានលានដុង (១២,៥ពាន់ លានដុល្លារ) ពីធនាគារ SCB»

មនុស្ស ៨៥នាក់ផ្សេងទៀត រួមទាំងអតីតមន្ត្រីមួយរូបនៃធនាគារកណ្តាលវៀតណាមផងដែរ ដែល ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន ៥,២លានដុល្លារអាមេរិក ក៏នឹងត្រូវប្រឈមនឹងការ កាត់ទោសនៅតុលាការទីក្រុងហូជីមិញផងដែរ។

បង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat គឺជាម្ចាស់សណ្ឋាគារ លំដាប់ខ្ពស់ ភោជនីយដ្ឋាន និងអាផាតមិនប្រណីត ហើយថែមទាំងបានវិនិយោគក្នុងសេវាកម្ម ហិរញ្ញវត្ថុផងដែរ។

បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP តម្លៃទ្រព្យសម្បត្តិដែលត្រូវបានចោទប្រកាន់របស់លោកស្រី Lan ស្មើនឹងប្រហែល ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមសម្រាប់ ឆ្នាំ២០២២៕