អាមេរិក បន្ថែមក្រុមហ៊ុនចិនចំនួន១៣ ទៅក្នុងបញ្ជីដែលគ្រប់គ្រងការនាំចេញ


(វ៉ាស៊ីនតោន)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានអោយដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានបញ្ចូលក្រុមហ៊ុនចំនួន១៣ បន្ថែមទៀតនៅក្នុងប្រទេសចិនទៅក្នុង បញ្ជីក្រុមហ៊ុនដែលទិញទំនិញពីសហរដ្ឋអាមេរិក ដែលមន្ត្រីអាមេរិកមិនអាចមានលទ្ធភាពធ្វើអធិការ កិច្ចបាន។

ក្រុមហ៊ុនមួយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីដែលគ្រប់គ្រងការនាំចេញ ឬហៅថា «បញ្ជីដែលមិន បានផ្ទៀងផ្ទាត់» នៅពេលដែលមន្ត្រីត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិកមិនអាចបំពេញការងារចូលត្រួតពិនិត្យនៅនឹងកន្លែងបាន ដើម្បីកំណត់ថាតើពួកគេអាចជឿទុកចិត្តបានដែរឬយ៉ាង ណាក្នុងការទទួលបច្ចេកវិជ្ជាដែលមានប្រភពដើមពីសហរដ្ឋអាមេរិក និងទំនិញផ្សេងទៀត។ ការធ្វើអធិការកិច្ចទៅលើក្រុមហ៊ុនចិនដោយសហរដ្ឋអាមេរិកទាមទារឱ្យមានការយល់ព្រមពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន។

ស្ថិតក្រោមគោលនយោបាយដែលត្រូវបានអនុវត្តក្នុងអំឡុងពេលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន ប្រសិនបើរដ្ឋាភិបាលបរទេសមួយរារាំងមន្ត្រីអាមេរិកមិនឱ្យអនុវត្តការត្រួតពិនិត្យ នៅនឹង កន្លែងចំពោះក្រុមហ៊ុនដែលស្ថិតនៅក្នុងបញ្ជីដែលមិនបានផ្ទៀងផ្ទាត់នោះ ទីក្រុងវ៉ាស៊ីនតោននឹងចាប់ ផ្តើមដំណើរការដាក់បញ្ចូលក្រុមហ៊ុននោះទៅក្នុងបញ្ជីអង្គភាព (Entity list) ក្នុងរយៈពេល ៦០ថ្ងៃ ក្រោយមក។

បញ្ជីអង្គភាពគឺជាបញ្ជីគ្រប់គ្រងការនាំចេញដែលមានលក្ខណៈតឹងរ៉ឹងជាងបញ្ជីដែលមិនបានផ្ទៀងផ្ទាត់ ។ អាមេរិកនឹងដកចេញក្រុមហ៊ុនណាមួយពីបញ្ជីដែលមិនបានផ្ទៀងផ្ទាត់ បន្ទាប់ពីធ្វើការត្រួត ពិនិត្យដោយជោគជ័យ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនដែលត្រូវបានបញ្ចូលថ្មីទៅក្នុងបញ្ជីនេះរួមមាន ទាំងក្រុមហ៊ុន PNC Systems Co Ltd of Jiangsu ក្រុមហ៊ុន Beijing Shengbo Xietong Technology Co Ltd ក្រុមហ៊ុន Guangzhou Xinwei Transportation Co Ltd ក្រុមហ៊ុន Plexus (Xiamen) Co Ltd៕