(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ដ្រាចារ្យ ឈាង រ៉ា បានជំរុញលើកទឹកចិត្ដដល់ គ្រូពេទ្យនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ត្រូវបង្កើនទំនាក់ទំនងយ៉ាងជិតស្និទជាមួយអ្នកជំងឺ និង គ្រួសារអ្នកជំងឺ រួមទាំងបច្ចេកទេសក្នុងការព្យាបាលអ្នកជំងឺឱ្យកាន់តែប្រសើរបន្ថែមទៀត។
ការថ្លែងដូច្នេះរបស់ ឯកឧត្តម សាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសចុះពិនិត្យពីវឌ្ឍនៈភាពការផ្ដល់សេវា ពិនិត្យព្យាបាល និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រី រាជការ បុគ្គលិក នៅមន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសសំណេះសំណាល ឯកឧត្តម សាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា «ក្នុងនាមជាគ្រូពេទ្យ ក្រៅពីការពង្រឹងជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺ គឺត្រូវមានទឹកចិត្ដមេត្ដា អាណិតអាសូរជាប់នៅ ក្នុងខ្លួនផងដែរ។ ដោយឯកឧត្តម សាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានលើកឡើងពីរឿងនិទានមួយពីកុមារី ដ៏អភ័ព្វម្នាក់ ដែលលាចាកលោកទាំងវ័យក្មេង ទុកឱ្យម្ដាយឪពុកយំសោកស្ដាយកូនលាទាំងអាល័យ ដែលជាការណែនាំមួយ ដល់គ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា គឺត្រូវបន្ដដើរតួនាទីសង្គ្រោះជីវិតកុមារ ផ្ដល់សេវាដោយឥតគិតថ្លៃ និងមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ»។
លើសពីនោះ ឯកឧត្តម សាស្ដ្រាចារ្យបានលើកទឹកចិត្ដដល់មន្ទីរគន្ធបុប្ផា ត្រូវពង្រឹងភាពជាម្ចាស់ការ ទោះជាមានម្ចាស់ជំនួយក៏ដោយ ដើម្បីភាពរឹងមាំក្នុងការជួយកុមារ ក៏ដូចជាទារក កម្ពុជាបន្ដទៀត ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហរយ៉ាងរឹងមាំ ក្នុងការប្ដេជ្ញាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យ គី សន់ទី នាយកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជំនួសឱ្យមន្ដ្រីបុគ្គ លិកទាំងអស់ បានថ្លែងប្ដេជ្ញាត្រង់ត្រាប់ និងអនុវត្ដន៍តាមអនុសាសន៍ណែនាំប្រកបដោយខ្លឹមសារ និងមានអត្ថន័យជ្រៅរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។
លោកសាស្ដ្រាចារ្យ គី សន់ទី ក៏បានគូសបញ្ជាក់ថា «ថ្ងៃនេះខ្ញុំ និងបុគ្គលិកទាំងអស់ពិតជារីករាយ ណាស់ ដែលទទួលបាននូវគតិបណ្ឌិតដ៏ល្អរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី និងបទពិសោធន៍ការងារ រួមទាំងអនុសាសន៍ជាគន្លឹះផ្សេងៗ ក្នុងការប្រកបវិជ្ជាជីវៈជាពេទ្យ ដើម្បីឱ្យមន្ត្រីសុខាភិបាលគ្រប់ លំដាប់ថ្នាក់យកទៅអនុវត្តក្នុងជីវភាពការងារផង និងជីវភាពរស់នៅផង»។ ជាងនេះទៅ គឺរឿង និទានរបស់កុមារីម្នាក់ ដែលឆ្លុះបញ្ចំងយ៉ាងជាក់ស្ដែងថា អាចកើតមានឡើងនៅគ្រប់មន្ទីរពេទ្យ។
លោកបន្ដថា ក្នុងរឿងនិទានខាងលើនេះ បានបង្ហាញពីដំណើរចូល រហូតដល់ដំណើរចេញពីមន្ទីរ ពេទ្យ ពីលទ្ធផលល្អយ៉ាង មិនល្អយ៉ាងម៉េច ហើយគ្រូពេទ្យត្រូវប្រកាន់នូវឥរិយាបថយ៉ាងដូចម្ដេច ដែលគតិល្អគ្រប់ជ្រុងជ្រោយធ្វើយ៉ាងម៉េច ឱ្យមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ក្រៅពីបច្ចេកទេស គឺផ្លូវចិត្ដរវាងបុគ្គលិកពេទ្យ ជាមួយអ្នកជំងឺ និងអាណាព្យាបាលអ្នកជំងឺ។ បើនិយាយពីកុមារ មិន ត្រឹមតែព្យាបាលកុមារ គឺត្រូវផ្សារភ្ជាប់ជាមួយឪពុកម្ដាយអ្នកជំងឺទៀត ដែលនេះជាគតិដ៏ល្អបំផុត ។ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ និងបុគ្គលិក នឹងចងចាំ ព្រមទាំងយកមកឆ្លុះបញ្ចំង ក្នុងការអនុវត្ដជាក់ស្ដែងក្នុងជីវភាពប្រចាំថ្ងៃដែលបំពេញវិជ្ជាជីវៈជាពេទ្យ។
សូមជម្រាបថា តាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ គី សន់ទី បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០២៣ កុមារនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាង១ពាន់នាក់៕