បណ្ឌិត កៅ គឹមហួន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក គីស៊ីដា ហ្វ៊ូមីអូ នាយករដ្ឋមន្ត្រីជប៉ុន, ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញចូល រួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងឱកាសស្នាក់នៅប្រទេសជប៉ុន លោកអគ្គលេខាធិការអាស៊ាន គ្រោងជួបពិភាក្សាការងារជា មួយ លោក Parnpree Bahiddha-Nukara ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ និងលោក KONO Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុនផងដែរ។

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន ខាងមុខនេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធផល ក្នុងរយៈពេល៥០ឆ្នាំកន្លងមក នៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងលើកទិសដៅនាពេលអនាគត នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ជប៉ុន ដែលមានអត្ថន័យ មានសារៈសំខាន់ ជាដុំកំភួន និងមានប្រយោជន៍ទៅវិញទៅមក៕