(កំពង់ចាម)៖ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីទាំង អស់ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាមឲ្យខិតខំពង្រឹងសមត្ថភាព ដើម្បីផលិតព័ត៌មានជូនដល់ប្រជា ពលរដ្ឋ និងរាជរដ្ឋាភិបាលឲ្យបានឆាប់រហ័ស និងប្រកបដោយគុណភាព ស្របតាមសម័យ កាល ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប។
ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ ក្នុងក្របខណ្ឌ នៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចេញគោលនយោបាយជារួមគឺការកំណែទម្រង់មុខងារសាធារណៈផង និងការធ្វើទំនើប កម្មស្ថាប័ន របស់ក្រសួងព័ត៌មានផងដែរ។
ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា នៅក្នុងទិសដៅរបស់ក្រសួងព័ត៌មាន គឺបានកំណត់នូវចក្ខុវិស័យ ធ្វើយ៉ាងណាឱ្យអង្គភាពព័ត៌មាននេះ ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និង របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែល មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា «សម័យបច្ចុប្បន្នបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីរបស់យើងអត់ទាន់មាន ជំនាញច្បាស់លាស់នៅឡើយ ដូច្នេះចាំបាច់យើងត្រូវគិតគូរ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ ពួកគាត់បន្ថែម ដើម្បីឲ្យបន្តស៊ី ទៅនឹងអ្វីដែលជាការវិវត្ត នៃប្រព័ន្ធផ្សព្វផ្សាយរបស់យើង»។
ឯកឧត្តម បញ្ជាក់ថា «មន្ត្រីរបស់យើង មិនអាចយកកិច្ចការដែលចេះពីសម័យមុន មកធ្វើការងារត្រឹម តែចំណេះដឹងដដែលៗនោះទេ ពោលគឺមន្ត្រីយើងត្រូវតែពង្រីកសមត្ថភាព និងពង្រឹងចំណេះដឹងដែល យើងមាន ឲ្យស្របទៅនឹងការ វិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយ»។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានបំ ពេញការងារនាពេលកន្លងមក បើទោះបីជាជួបការលំបាក និងបញ្ហាប្រឈមខ្វះខាតសម្ភារ យ៉ាងណា ក៏ដោយក៏នៅតែជំនះ ទៅលើការបំពេញការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលជូនខេត្ត និងជាតិ បានល្អប្រសើរផងដែរ៕