សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធ​ គិតគូររៀបចំផែនការបង្កើតការងារ និងលើក កម្ពស់សេដ្ឋកិច្ចជូនពលរដ្ឋនៅរុនតាឯក​


(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួង​ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម ​ក្រសួង ទេសចរណ៍ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ គិតគូររៀបចំលើកកម្ពស់សេដ្ឋកិច្ច និងបង្កើត ការងារជូនពលរដ្ឋនៅរុនតាឯក ដើម្បី​ឱ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះកាន់តែ ប្រសើរឡើង ជាកន្លែងដែលរស់នៅសមរម្យ និងជាកន្លែងអភិវឌ្ឍន៍ថ្មីសម្រាប់កូនចៅតទៅជំនាន់ ក្រោយៗ។

ការណែនាំរបស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះ​សំណាលជា មួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង សរុបជិត៣ពាន់នាក់​ នៅព្រឹកថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្តេចធិបតីមានប្រសាសន៍ថា ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នា ពិនិត្យលើលទ្ធភាពទាក់ទាញ វិនិយោគ និងរៀបចំផែនការ​ក្នុងរៀបចំកន្លែងនេះទៅជាប៉ូលសេដ្ឋកិច្ចសំខាន់ មួយទៀតសម្រាប់ខេត្ត ​ ​រុញការងារឱ្យដល់ប្រជាពលរដ្ឋ​​ ដើម្បីពង្រីកសក្តានុពលតំបន់នេះឱ្យក្លាយជាតំបន់អភិវឌ្ឍន៍។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋនៅទីនេះ ហើយសេដ្ឋកិច្ចកើនជ្រុងមួយដែល សំខាន់ គឺតាមរយៈការបង្កើតការងារ នេះគឺជាយុទ្ធសាស្រ្តមួយសំខាន់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិ ទី៧នេះ។ សេដ្ឋកិច្ចកើន មិនអាចកើនគ្រាន់ថាចំណូលពីប្រេងឡើងនោះទេ ត្រូវតែផ្តល់ផលលាភ ដល់ប្រជាពលរដ្ឋ គឺត្រូវតែបង្កើនការងារឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកើននៅគ្រប់វិស័យ​ អ៊ីចឹងសូមគិតគូរកន្លែងនេះ។ សូមប្រគល់ភារកិច្ចនេះឱ្យក្រសួងកសិកម្ម ក្រសួងទេសចរណ៍ អាជ្ញាធរ មូលដ្ឋាន ក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីគិតគូរប្រទាក់ក្រឡាកន្លែងនេះ ជាមួយនឹងសក្តានុពលរបស់ ខេត្តរបស់យើង»

ទន្ទឹមគ្នានេះ សម្តេចធិបតី បានណែនាំដល់ ក្រសួង​និងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង​ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យលទ្ធភាពផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋនៅក្នុង តំបន់នេះ ជាពិសេសយុវជន។

សម្តេចបានគូសបញ្ជាក់ថាក្នុងផែនការរបស់រាជរដ្ឋាភិបាលដែលផ្តល់ការបណ្តុះបណ្តាលជំនាញដល់យុវជន១លាន៥សែននាក់ ហេតុនេះក្រសួងការងារត្រូវពិនិត្យមើលកម្មវិធីពិសេស ​ផ្តល់ការបណ្តុះ បណ្តាលដល់ពលរដ្ឋនៅតំបន់រុនតាឯក ដើម្បីភ្ជាប់ការងារដែលមានស្រាប់នៅក្រុងសៀមរាប និង បង្កើតសក្តានុពលផ្សេងៗនៅក្នុងតំបន់។

សម្តេចមានថ្លែងទៀតថា៖ «លោកតាលោកយាយ រាជរដ្ឋាភិបាលមិនអាចជប់ការងារស្អែកបានទេ មិនអាចលើករោងចក្រស្អែកមកបានទេ តែនៅក្នុងផែនការ ដើម្បីធ្វើ​ចំពោះមុខការងារដែលមានស្រាប់ ការងារនៅក្នុងខេត្តយើង ជួយសម្រួល ការដឹកជញ្ជូន​ កាត់បន្ថយថ្លៃ។ ទី២ខិតខំភ្ជាប់សក្តានុពលនៅកន្លែងនេះ ហើយនឹងការអភិវឌ្ឍន៍មិនមែនតែរុនតាឯកទេ សូម្បីតែស្រុក បន្ទាយស្រី ស្រុកអង្គរធំ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ព្រោះសៀមរាបមិនអាចរីកតែក្រុងសៀមរាបទេ ត្រូវ តែរីកគ្រប់ស្រុកទាំងអស់តាមសក្តានុពលរបស់ខ្លួន»

សូមជម្រាបថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅ រស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបាន​ចាក​ចេញ​​ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួន​គ្រួសារ​ដែលបានចាប់ឆ្នោតសរុប និងបានរៀប ចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ​៕