តៃវ៉ាន់ ប្រទះឃើញបាឡុងចិន ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ មួយខែមុនការបោះឆ្នោតសកល

(តៃប៉ិ)៖  តាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រាប់អោយដឹងថាក្រសួងការ ពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី៨ ខែធ្នូនេះបាននិយាយថាបាឡុងមួយចិនបានហោះឆ្លងកាត់ខ្សែ បន្ទាត់កណ្ដាល នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈសល់ពេលតែមួយខែទៀត ការបោះឆ្នោតជ្រើស រើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ឈានចូលមកដល់។ តៃវ៉ាន់ ដែលចិនអះអាងថាជាខេត្តមួយរបស់ខ្លួន តែងតែចោទប្រកាន់ទីក្រុងប៉េកាំងជារឿយៗថាកំពុងបង្កើនការដាក់សម្ពាធយោធា និងសេដ្ឋកិច្ច ដើម្បីកែប្រែលទ្ធផលបោះឆ្នោតឱ្យស្របទៅនឹងអ្វីដែលរដ្ឋាភិបាលចិនចង់បាន។ ចិនបានបង្កើនការដាក់សម្ពាធយោធាលើតៃវ៉ាន់ គួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធទ្រង់ទ្រាយធំចំនួន ២លើកព័ទ្ធជុំវិញកោះតៃវ៉ាន់កាលពីឆ្នាំ ២០២២ និងកាលពីពាក់កណ្ដាលឆ្នាំ២០២៣នេះ។

តាមក្រសួងការពារជាតិតៃវ៉ាន់ បាឡុងមួយរបស់ចិនត្រូវបានប្រទះឃើញនៅចម្ងាយ១៨៧គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុង Keelung ស្ថិតនៅ ភាគខាងជើងកោះតៃវ៉ាន់ ហើយបានហោះឆ្ពោះទៅទិសខាង កើតរយៈពេលមួយម៉ោង មុននឹងបាត់ខ្លួន៕