(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់ គ្រង បុគ្គលិក សាស្ត្រាចារ្យ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយ គុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពយ៉ាងលឿនរហ័ស និងប្រកបដោយគុណភាព ដែលសាកលវិទ្យាល័យជាតិមួយនេះសម្រេចបាន ជាក់ស្ដែងសាកល វិទ្យាល័យមាននិស្សិតទទួលបានជោគជ័យលើការសិក្សាចំនួន ១.៦៩៣នាក់បន្ថែមទៀត ចាប់ពី ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ លោកបានចាត់ទុកភាពជោគជ័យនេះថា ជាអ្វីដែលរាជរដ្ឋាភិបាលប្រាថ្នាចង់ឃើញ ទាំងរាជរដ្ឋា ភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់និស្សិតជ័យលាភីទាំងអស់ថា «ចាប់ពីពេលនេះតទៅ ប្អូនៗនឹងក្លាយជាអ្នកជំនាញ ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្តែង ក្នុងសង្គម តាមគ្រប់រូបភាព។ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងយកចំណេះ ដឹងទទួលបាននៅទីនេះ ទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឆ្លើយតបនឹង សេចក្តីត្រូវការជាក់ស្តែងតាមវិស័យនីមួយៗ ដូចជាការងារក្នុងស្ថាប័នរដ្ឋ, ការងារក្នុងវិស័យឯកជន អង្គការជាតិ និងអន្តរជាតិនានា ឬក៏ការបើកប្រកបអាជីវកម្មដោយខ្លួនឯង»។
សូមបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តនយោបាយកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។ ក្នុងន័យនេះបន្ថែមលើសាកលវិទ្យាល័យសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលជាតិអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ដើម្បីផ្តល់ ឱកាសនិងសេវាកម្មអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព បំពេញតម្រូវការធនធានមនុស្សនៅ មូលដ្ឋាន និងប្រទេសជាតិ។ មជ្ឈមណ្ឌលនេះនឹងទទួលសិស្សានុសិស្ស ចូលរៀនថ្នាក់ចំណេះទូទៅ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូត ដល់វិទ្យាល័យ ហើយបន្តនៅសាកលវិទ្យាល័យតែម្ដង៕