លោក ចូ បៃដិន ប្រាប់អ្នកសាធារណរដ្ឋ៖ បើលោក ពូទីន ឈ្នះនៅអ៊ុយក្រែន សមាជិក NATO អាចនឹងក្លាយជាគោលដៅបន្ទាប់

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រាប់អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី៦ ខែធ្នូ បានទទូចឱ្យសមាជិកតំណាង រាស្ត្រមកពីគណបក្សសាធារណរដ្ឋ គាំទ្រដល់ការអនុម័តបញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ភ្ជាប់ជាមួយការព្រមានថាប្រសិនបើរុស្ស៉ីទទួលបានជ័យជម្នះលើអ៊ុយក្រែន នោះវានឹង ក្លាយជាការ ជំរុញលើកទឹកចិត្តឱ្យទីក្រុងមូស្គូ បើកការវាយប្រហារលើសមាជិក NATO ណាមួយនៅពេល អនាគត ដែលនឹងបង្ខំឱ្យកងទ័ពអាមេរិក ចូលរួមក្នុងសង្រ្គាមដោយផ្ទាល់។

ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន កើតឡើងចំពេលសហរដ្ឋអាមេរិក មានផែនការ ប្រកាសពីការផ្ដល់ជំនួយយោធាថ្មីទំហំ ១៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ តាមរយៈការលើកឡើងនេះ លោក បៃដិនក៏បានបង្ហាញដែរពីចេតនាធ្វើសម្បទានពាក់ព័ន្ធនឹងគោលនយោបាយ អន្តោប្រវេសន៍របស់ សហរដ្ឋអាមេរិក នៅតាមបណ្ដោយព្រំដែនជាប់ជាមួយម៉ិកស៉ិក ដើម្បីទាក់ទាញការគាំទ្រពីអ្នក សាធារណរដ្ឋ។

តាមលោក ចូ បៃដិន ប្រសិនបើរុស្ស៉ីទទួលបានជ័យជម្នះលើអ៊ុយក្រែន លោក ពូទីន នឹងមិនបញ្ឈប់ នៅត្រឹមអ៊ុយក្រែននោះទេ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើលោក ពូទីន ទទួល បានជ័យជម្នះលើអ៊ុយក្រែន លោកនឹងមិនបញ្ឈប់នៅត្រឹមទីនោះឡើយ។ លោក ពូទីន នឹងវាយប្រហារ លើសម្ព័ន្ធមិត្ត NATO ណាមួយ ហើយបើរឿងបែបនេះកើតឡើងមែន នោះកងទ័ពអាមេរិកនឹងត្រូវ ប្រយុទ្ធដោយផ្ទាល់ជាមួយកងទ័ពរុស្ស៉ី ។ ដូច្នេះយើងមិនអាចឱ្យលោក ពូទីន ឈ្នះនោះទេ»