(ហ្កាហ្សា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ ២០២៣ គឺ កងកម្លាំងអ៉ីស្រាអែល បានបង្កើនការវាយលុកយ៉ាងសម្បើមលើទីក្រុង Khan Younis ជាទីក្រុងធំជាងគេបំផុតនៃភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈជនជាតិ ប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់ និងរងរបួស។
ដោយចាត់ទុកថាជាថ្ងៃប្រយុទ្ធគ្នាដ៏ខ្លាំងបំផុត ក្នុងសង្រ្គាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស ចាប់ តាំងពីបទឈប់បាញ់ដួលរលំកាលពីសប្ដាហ៍មុនមក កងកម្លាំងអ៉ីស្រាអែលបាននិយាយថាកងទ័ព របស់ខ្លួនដោយមានការគាំទ្រពីយន្ដហោះចម្បាំង បានវាយសម្រុកចូលដល់កណ្ដាលបេះដូងនៃទីក្រុង Khan Younis ហើយ និងកំពុងឡោមព័ទ្ធទីក្រុងមួយនេះ។
កងទ័ពអ៉ីស្រាអែល ក៏កំពុងប្រយុទ្ធផងដែរជាមួយក្រុមហាម៉ាសនៅឯជំរំជនភៀសខ្លួន Jabalia ទីក្រុងហ្កាហ្សា និងទីក្រុងស៊ូចាយយ៉ា (Shuja’iyya)។ ចំណែក កងពលតូច អាល់កសឹម (al Qassam) របស់ក្រុមហាម៉ាសវិញបានអះអាងថាអ្នកប្រយុទ្ធរបស់ខ្លួនបានកម្ទេច ឬធ្វើឱ្យខូចខាត យានយោធាអ៉ីស្រាអែល ២៤គ្រឿង រីឯក្រុម snipers បានបាញ់ទាហានអ៉ីស្រាអែលស្លាប់ និងរបួស ៨នាក់ ក្នុងការប្រយុទ្ធគ្នានៅទីតាំងជាច្រើនក្នុងទីក្រុង Khan Younis៕