ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា, អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្ដេជ្ញាបន្តជាដៃគូកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត


(ភ្នំពេញ)៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាន ជម្រាបជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយរាជ រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត។

កញ្ញាបណ្ឌិត ថ្លែងបែបនេះនាឱកាសដែល លោកអភិសន្តិបណ្ឌិត បានអនុញ្ញាតជូនកញ្ញា និងក្រុម ការងារចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ កញ្ញាបណ្ឌិត ក៏បានជម្រាបជូន លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី អំពី សមិទ្ធផលនានាដែលអង្គការសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យក្នុងការអនុវត្ត គម្រោង ផ្សេងៗនាពេលកន្លងមក។

ជាកិច្ចឆ្លើយតប ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធ មិត្តសត្វព្រៃ និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ សម្ព័ន្ធមិត្តសត្វព្រៃដែលក្នុងរយៈពេលជាង២០ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជ រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារព្រៃឈើ, អភិរក្សជីវៈចម្រុះ, ការសង្គ្រោះថែទាំសត្វព្រៃព្រមទាំងការ ជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន។

លោកអភិសន្តិបណ្ឌិត ក៏បានសម្ដែងការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានា ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឲ្យកញ្ញា និងសហការីចូលជួបសម្ដែង ការគួរសម ព្រមទាំងបានសម្ដែងការអបអរសាទរដែល លោកអភិសន្តិបណ្ឌិត ត្រូវបានតែងតាំង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕