(ក្រុងឡុងដ៍)៖ តម្លៃប្រេងត្រូវបានជួញដូរក្នុងតម្លៃជាង ៧៨ដុល្លារនៅថ្ងៃអង្គារ ដែលជំរុញដោយភាព មិនច្បាស់លាស់ជុំវិញការកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តរបស់អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី (OPEC+) ភាពតានតឹងនៅមជ្ឈិមបូព៌ា និងសញ្ញាជំរុញសេដ្ឋកិច្ចមួយចំនួន នៅអឺរ៉ុប។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបាន កើនឡើង ៦៣សេន ឬ ០,៨ភាគរយដល់ ៧៨,៦៦ដុល្លារក្នុងមួយបារ៉ែលនៅរសៀលថ្ងៃអង្គារ។ តម្លៃប្រេងប្រភេទ West Texas Intermediate បានកើនឡើង ៦៦សេន ឬ ០,៩ភាគរយដល់ ៧៣,១៩ដុល្លារក្នុងមួយបារ៉ែល។
លោក Kelvin Wong អ្នកវិភាគមកពីក្រុមហ៊ុន OANDA បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតថា ការកាត់បន្ថយផលិតកម្មអង្គការ OPEC+ អាចបន្តធ្វើឡើងនៅក្រោយត្រីមាសទី១ ឆ្នាំ២០២៤ បានជួយជំរុញខ្លះដល់តម្លៃប្រេងឆៅ។
លោក Tina Teng អ្នកវិភាគមកពីក្រុមហ៊ុន CMC Markets បានថ្លែងថា តម្លៃប្រេងបានធ្លាក់ចុះ កាលពីថ្ងៃចន្ទ ដោយការសង្ស័យថា ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងរបស់អង្គការ OPEC+ នឹងមាន ផលប៉ះពាល់យ៉ាងខ្លាំង។
ទោះយ៉ាងណា កាលពីថ្ងៃអង្គារ វិមានក្រឹមឡាំងបានឱ្យដឹងថា ការកាត់បន្ថយដែលបានព្រមព្រៀង ដោយអង្គការ OPEC+ នឹងត្រូវការពេលវេលាដើម្បីចាប់ផ្តើម។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អង្គការ OPEC+ បានយល់ព្រមកាត់បន្ថយទិន្នផលប្រេងឆៅដោយ ស្ម័គ្រចិត្តប្រហែល ២,២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) សម្រាប់ត្រីមាសទីមួយឆ្នាំ២០២៤។
យ៉ាងហោចណាស់ ប្រេងឆៅចំនួន ១,៣លានបារ៉ែលក្នុងមួយថ្ងៃនៃបរិមាណដែលត្រូវបានកាត់ បន្ថយទាំងនោះគឺជាបរិមាណដែលបន្តកាត់បន្ថយដែលធ្វើឡើងដោយស្ម័គ្រចិត្តដែលប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានអនុវត្តរួចស្រាប់ទៅហើយ៕