(ភ្នំពេញ)៖ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព។
កាប្រកាសបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចមហាបរធិបតីបានណែនាំឱ្យគ្រប់ក្រសួង ស្ថប័ន និងវិស័យឯកជនត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យចូលបម្រើការ បំពេញមុខងារ តួនាទី ទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានរើសអើង រាប់ទាំងការងារជាមន្ត្រីរាជការ កម្មករនិយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៉ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព៕