(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen កាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូ បានអំពាវនាវឱ្យប្រជាជនតៃវ៉ាន់ទាំងអស់ដែលមានសិទ្ធិបោះឆ្នោត ត្រូវគិតពីអ្វីដែលបានកើតឡើងចំពោះទីក្រុងហុងកុងដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ចិនជាមុនសិន មុននឹងគូស ឬទម្លាក់សន្លឹកឆ្នោតរបស់ខ្លួន ចូលក្នុងហិប ដើម្បីជ្រើសរើសមេដឹកនាំថ្មី ក្នុងការបោះឆ្នោតសកលនៅខែមករា ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តៃវ៉ាន់ កំពុងត្រៀមរៀបចំការបោះឆ្នោតសភា និងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ស្របពេលចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្ត មួយរបស់ខ្លួន បាន និងកំពុងបង្កើនការដាក់សម្ពាធទាំងយោធា និងនយោបាយការទូតលើតៃវ៉ាន់។ ចិន និងគណបក្សប្រឆាំងធំបំផុតនៅតៃវ៉ាន់ គឺគណបក្ស Kuomintang បាននិយាយថាការបោះឆ្នោតសកលនេះជាជម្រើសរវាងសង្រ្គាម និងសន្តិភាព ក្នុងពេលដែលទីក្រុងប៉េកាំងមិនពេញចិត្តឡើយចំពោះ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ជាបក្សកាន់អំណាចសព្វថ្ងៃនៅតៃវ៉ាន់ និងបេក្ខជនមេដឹកនាំថ្មីនៃគណបក្សមួយនេះគឺលោក Lai Ching-te ដោយចាត់ទុកថាក្រុមឧទ្ទាមដ៏គ្រោះថ្នាក់។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតឱ្យលោក Lai Ching-te ក្នុងរដ្ឋធានីតៃប៉ិ លោកស្រី Tsai Ing-wen មកពីគណបក្ស វឌ្ឍនភាពប្រជាធិបតេយ្យដែរនោះ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់សួរអ្នកទាំងអស់គ្នានៅទីនេះ ថាតើមានអ្នកចង់ឱ្យសង្រ្គាមផ្ទុះឡើង ដែរឬទេ? ពិតណាស់គ្មាននរណាម្នាក់ចង់នោះទេ។ ប៉ុន្តែ ចូរកុំភ្លេចគិតពីទីក្រុងហុងកុង ហើយគិតពីតៃវ៉ាន់។ យើងមិនចង់បានសន្តិភាពដោយយកគំរូតាមហុងកុង ឡើយ។ យើងចង់បានសន្តិភាពប្រកបដោយសេចក្ដីថ្លៃថ្នូរ»។
លោកស្រី Tsai ក៏បានបន្ថែមដែរថាសន្តិភាពត្រូវតែដើរទន្ទឹមគ្នានឹងការប្ដេជ្ញាចិត្តពង្រឹងវិស័យការពារជាតិ ហើយថាមានតែប្រជាជនតៃវ៉ាន់ទេដែលជា អ្នកកំណត់លើជោគវាសនារបស់តៃវ៉ាន់៕