យោធាចិន ចោទថានាវាចម្បាំងអាមេរិក ចូលដោយខុសច្បាប់ ទៅក្បែរដែនទឹកមានវិវាទនៃតំបន់សមុទ្រចិនខាងត្បូង

(ប៉េកាំង)៖ យោធាចិន នៅថ្ងៃចន្ទ ទី៤ ខែធ្នូនេះបាននិយាយថានាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរចូលដោយខុសច្បាប់ ក្នុងដែនទឹកស្ថិតនៅក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាផ្នែកមួយនៃតំបន់ដែនទឹកមានជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យទីបញ្ជាការប្រតិបត្តិការភូមិភាគខាងត្បូងរបស់ចិន បានចាត់ទុកថាសហរដ្ឋអាមេរិកបានបំផ្លាញយ៉ាង ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យរូបនេះក៏បានលើកឡើងដែរថាសហរដ្ឋអាមេរិកមាន​ចេតនាធ្វើសកម្មភាពបង្កការរំខានក្នុង តំបន់សមុទ្រចិនខាងត្បូង ព្រមទាំងបានបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យរបស់ចិន ហើយកងទ័ពរំដោះប្រជាជនចិន​​ PLA​ បានបញ្ជាឱ្យកងកម្លាំង របស់ខ្លួនតាមឃ្លាំងមើលសកម្មភាពនាវាចម្បាំងអាមេរិក និងប្រុងជើងការខ្ពស់គ្រប់ពេលវេលា ដើម្បីការពារអធិបតេយ្យជាតិ៕