អ៉ីស្រាអែល ថាកងទ័ពថ្មើរជើងរបស់ខ្លួន កំពុងធ្វើប្រតិបត្តិការ នៅទូទាំងតំបន់ហ្កាហ្សា

(ហ្កាហ្សា)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងថាកងទ័ពថ្មើរជើងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា គួបផ្សំជាមួយការទម្លាក់គ្រាប់បែក លើផ្នែកជាច្រើននៃតំបន់នេះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅដោយសម្លាប់ និងធ្វើឱ្យជនជាតិប៉ាឡេស្ទីនរាប់សិបនាក់រងរបួស ខណៈជនស៊ីវិល ស្វែងរកទីជម្រកជ្រោកកោនតាមផ្នែកខ្លះនៃភាគខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហាម៉ាស ក៏បានអះអាងដែរថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បាន និងកំពុងប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែល នៅចម្ងាយ ២គីឡូម៉ែត្រពីទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលជនស៊ីវិលជាច្រើនកំពុងជ្រកកោន ក្រោយពួកគេភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែករបស់ អ៉ីស្រាអែលលើភាគខាងជើង។ យោធាអ៉ីស្រាអែល ធ្លាប់បានបង្គាប់ឱ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់មួយចំនួនស្ថិតនៅក្នុង និងក្បែរ ទីក្រុង Khan Younis ប៉ុន្តែមិនបានប្រកាសពីការធ្វើប្រតិបត្តិការវាយលុកថ្មីណាមួយលើតំបន់ភាគខាងត្បូងនោះទេ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យកងទ័ពអ៉ីស្រាអែល លោក Daniel Hagari បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Tel Aviv ថាកងកម្លាំង IDF កំពុង បន្តពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា ដែលនេះជាសញ្ញាមួយបង្ហាញថាផែនការវាយលុកលើ ភាគខាងត្បូងនៃតំបន់ហ្កាហ្សារបស់អ៉ីស្រាអែល បានចាប់ផ្ដើមហើយ៕