ក្រុមរដ្ឋមន្រ្តីបារាំង គ្រោងបំពេញទស្សនកិច្ចតំបន់ប៉ាស៉ីហ្វិក អូស្រ្តាលី ដើម្បីជំរុញផ្នែកការទូត

(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់បារាំង គ្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក នៅសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃការជំរុញផ្នែកការទូត ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ ក៏ដូចជាយោធា និងការកសាងទំនាក់ទំនងឡើងវិញជាមួយដៃគូដ៏សំខាន់មួយរបស់ខ្លួន គឺអូស្ត្រាលីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិបារាំង លោក សេបាស់ស្ទៀន ឡឺគ័រនូ (Sebastien Lecornu) នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិប៉ាស៉ីហ្វិកខាងត្បូង ដែលនឹងរៀបចំឡើងលើទឹកដីក្រៅប្រទេសរបស់ខ្លួន គឺនៅកោះ New Caledonia ចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូ។ កិច្ចប្រជុំនេះនឹងស្វែងរកការពង្រឹងកិច្ចសម្របសម្រួលផ្នែកសន្តិសុខ និងការពារជាតិរវាងប្រទេសក្នុងតំបន់ រួមជាមួយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងជប៉ុនដែលចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ លោក Lecornu ក៏នឹងត្រូវធ្វើដំណើរទៅកាន់ម៉ាឡេស៉ីផងដែរ បើទោះបីជាមន្ត្រីបារាំងបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតក៏ដោយ។
ស្របពេលចង់ធ្វើពិពិធកម្មទំនាក់ទំនងរបស់ខ្លួននៅទូទាំងតំបន់ប៉ាស៊ីហ្វិក បារាំងក៏បាននិងកំពុងកសាងឡើងវិញនូវភាពជាដៃគូរបស់ខ្លួន ជាមួយអូស្ត្រាលីផងដែរ។ រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី កាត់តឺរីន កូឡូណា (Catherine Colonna) ក៏នឹងត្រូវធ្វើដំណើរទៅកាន់ទីនោះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ខណៈភាគីទាំងពីរសម្លឹងរកការបើកទំព័រថ្មី និងវឌ្ឍនភាពលើប្រធានបទជាច្រើន រាប់ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់វប្បធម៌ និងការការពារជាតិ៕