រដ្ឋមន្ត្រីការបរទេស៖ អ៊ុយក្រែន បានទទួលគ្រាប់ផ្លោងចំនួន ៣០០,០០០ គ្រាប់ ក្នុងចំណោម ១លានគ្រាប់ដែលសន្យាដោយ EU

(គៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះ កំលុងពេលចូលរួមកិច្ចប្រជុំរបស់អង្គការណាតូនៅទីក្រុងព្រុចសែលថា រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានប្រគល់គ្រាប់ផ្លោងប្រហែល ៣០០,០០០ គ្រាប់ ក្នុងចំណោម ១ លានគ្រាប់ ដែលខ្លួនបានសន្យាដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ នៅខាងក្រៅព្រឹត្តិការណ៍នេះ លោក Kuleba បានអំពាវនាវឱ្យឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន និងអង្គការណាតូ បង្កើនការសម្របសម្រួល ដើម្បីធានាថាទីក្រុងគៀវ មានការផ្គត់ផ្គង់ដែលខ្លួនត្រូវការ ដើម្បីកម្ចាត់រុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។
លោក Kuleba បាននិយាយយ៉ាងដូច្នេះថា «យើងត្រូវបង្កើតតំបន់ Euro-Atlantic រួមសម្រាប់ឧស្សាហកម្មការពារជាតិ» ដោយអះអាងថា ការធ្វើបែបនេះ វានឹងធានាដល់សន្តិសុខរបស់អ៊ុយក្រែន និងសន្តិសុខនៃប្រទេសណាតូខ្លួនឯងផងដែរ៕