(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងម៉ូស្គូនឹងចាត់ទុកការសម្រេចចិត្តណាមួយរបស់ហ្វាំងឡង់ ក្នុងការអនុញ្ញាតឱ្យ «មានការដាក់ពង្រាយកងកម្លាំង» នៅតាមព្រំដែនជាមួយប្រទេសរុស្ស៊ី ថាជាការគំរាមកំហែងមួយ បន្ទាប់ពីប៉ូឡូញបានស្នើឱ្យ មានការបញ្ជូនទីប្រឹក្សាយោធាដើម្បីជួយប៉ូលីសទីក្រុងហែនស៊ិនគី នៅតាមព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញ លោក Jacek Siewiera បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីល្ងាចថ្ងៃអង្គារថា ប្រទេសប៉ូឡូញនឹងបញ្ជូនទីប្រឹក្សាយោធាទៅកាន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន ហ្វាំងឡង់ ដើម្បីឆ្លើយតបទៅនឹង «សំណើផ្លូវការសម្រាប់ការគាំទ្រសម្ព័ន្ធមិត្តចំពោះមុខ ការវាយប្រហារកូនកាត់នៅតាមព្រំដែនហ្វាំងឡង់»។ លោកបានគូសបញ្ជាក់ថា «ក្រុមទីប្រឹក្សាយោធាទាំងនោះ នឹងផ្តល់ចំណេះដឹងលើវិស័យសន្តិសុខតាមព្រំដែន ក៏ដូចជាប្រតិបត្តិការផងដែរ»។
ទោះជាយ៉ាងណា ប្រទេសហ្វាំងឡង់បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនមិនបានដឹងពីសំណើដែលស្នើឡើងដោយប៉ូឡូញ សម្រាប់ខ្លួនខាងលើនេះទេ។
ហ្វាំងឡង់បានសម្រេចបិទព្រំដែនប្រវែង ១,៣៤០ គីឡូម៉ែត្ររបស់ខ្លួនជាមួយប្រទេសរុស្ស៊ីសម្រាប់រយៈពេល ២ សប្តាហ៍ពេញ ក្នុងការប៉ុនប៉ងដើម្បីទប់ស្កាត់លំហូរនៃអ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងចំនួនច្រើនខុសពីធម្មតា ដែលទីក្រុងហែលស៉ិនគី និយាយថាស្មើនឹង «ការវាយប្រហារកូនកាត់» ដែលរៀបចំដោយទីក្រុងម៉ូស្គូ ដែលវិមានក្រឹមឡាំងបានបដិសេធ។
នៅពេលសួរអំពីសំណើរបស់ប៉ូឡូញដល់ប្រទេសហ្វាំងឡង់ ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយអ្នកកាសែត អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «វាគឺជាវិធានការដែលហួសហេតុពេកក្នុងការធានាព្រំដែន ពីព្រោះគ្មានការគំរាមកំហែងនៅទីនោះទេ»។
លោកបានសង្កត់ធ្ងន់ថា «ហ្វាំងឡង់ត្រូវតែដឹងយ៉ាងច្បាស់ថា វានឹងបង្កការគំរាមកំហែងដល់យើង ហើយការដាក់ពង្រាយដែលបានគ្រោងទុកណាមួយ នឹងមិនសមហេតុផលនោះទេ»៕