លោកបណ្ឌិត កៅ គឹមហួន ទស្សនកិច្ចការងារនៅប្រទេសឡាវ ដើម្បីត្រៀមសម្រាប់ ការធ្វើជាប្រធានអាស៊ានរបស់ឡាវ នៅឆ្នាំ២០២៤

(វៀងច័ន្ទ)៖ តបតាមការអញ្ជើញរបស់លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ធ្វើទស្សនកិច្ចការងារនៅប្រទេសឡាវ ដើម្បីត្រៀមសម្រាប់ ការធ្វើជាប្រធានអាស៊ានរបស់ឡាវ នៅឆ្នាំ២០២៤។

នៅព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍របស់ឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) នាពេលខាងមុខ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពសំខាន់ៗ នៅក្រោមសសរស្តម្ភ ASCC នៅពេលឡាវធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។

លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន ចំពោះការធ្វើជាប្រធានអាស៊ានរបស់ឡាវ នៅក្រោមមូលបទ “ពង្រឹងការតភ្ជាប់ និងភាពធន់”។
រសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Malaythong Kommasith រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន (AEC Council) នាពេលខាងមុខ។ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រដល់ឡាវ នៅពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៤ ជាពិសេស គាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PEDs) ដែលប្រទេសឡាវបានដាក់ចេញ។

លោកអគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានបង្ហាញពីការត្រៀមខ្លួន ដើម្បីជួយប្រទេសឡាវ ក្នុងការសម្រេចបាននូវគោលបំណង និងគោលដៅរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២៤។ 
លោកបណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន ដល់ប្រធានអាស៊ាន ស្របពេលដែលតំបន់កំពុងងើបឡើងវិញពីជម្ងឺរាតត្បាតកូវីដ ១៩ ហើយសំឡឹងទៅរកចក្ខុវិស័យសហគមន៍ឆ្នាំ២០៤៥ ដែលកំពុងត្រូវបានពង្រាងដោយក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥។

លោកអគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញជួប ពិភាក្សាការងារជាមួយលោល Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាប្រកបដោយផ្លែផ្កានូវវិធីនានា ដើម្បីផ្តល់យុទ្ធសាស្ត្រដល់អាទិភាពរបស់អាស៊ាន នៅក្រោមសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងពេលទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន ចំពោះប្រទេសឡាវ ដើម្បីសម្រេចបាននូវសមិទ្ធផលរំពឹងទុកសំខាន់ៗ នៅពេលធ្វើជាប្រធានអាស៊ាន ក្រោមមូលបទ “ពង្រឹងការតភ្ជាប់ និងភាពធន់”។

អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាច រៀបចំដោយ លោកSaleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ។ នេះជាព្រឹត្តិការណ៍ចុងក្រោយ នៅក្នុងដំណើរទស្សនកិច្ចការងាររបស់បណ្ឌិត កៅ គឹមហួន នៅប្រទេសឡាវ ដើម្បីត្រៀមជួយគាំទ្រប្រទេសឡាវសម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ៕