អ៊ុយក្រែន អះអាងថាបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៉ីរាប់សិបគ្រឿង ក្នុងការវាយប្រហារពេញមួយយប់កន្លងទៅ

(គៀវ)៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា កម្លាំងទ័ពអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះដ្រូនគ្មានមនុស្សបើករបស់រុស្ស៊ីរាប់សិបគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយរបស់ទីក្រុងមូស្គូ ទៅលើគោលដៅនានាទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២៣។

មន្ត្រីក្នុងទីក្រុងគៀវ បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងស្តុកទុកយន្តហោះគ្មានមនុស្សបើក និងមីស៊ីលយ៉ាងច្រើន ដើម្បីត្រៀមបើកការវាយប្រហារជាប្រព័ន្ធលើបណ្តាញថាមពលអ៊ុយក្រែន ក្នុងអំឡុងរដូវរងាខាងមុខ។
កងកម្លាំងអាកាសអ៊ុយក្រែន បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអះអាងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៉ីចំនួន ២១គ្រឿង និងមីស៊ីលនាំផ្លូវចំនួន ៣ គ្រាប់ផងដែរ។
របាយការណ៍បាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះចម្បាំង អង្គភាពប្រឆាំងយន្តហោះ និងអង្គភាពការពារដែនអាកាសចល័ត ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលនៅតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេសអ៊ុយក្រែន៕