រដ្ឋមន្រ្តីការបរទេសបារាំង ធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើងវិញ

(ប៉េកាំង)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី Catherine Colonna គ្រោងជួបមេដឹកនាំចិន ក្នុងទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ ខណៈលោកស្រី ស្វែងរកការធ្វើឲ្យប្រសើរ ឡើងវិញនូវទំនាក់ទំនង បន្ទាប់ពីមានការស៉ើបអង្កេតប្រឆាំងការឧបត្ថម្ភធនពីរដ្ឋ របស់សហភាពអឺរ៉ុប គាំទ្រដោយ ទីក្រុងប៉ារីស សម្រាប់វិស័យរថយន្តអគ្គិសនីរបស់ចិន។

ដំណើរទស្សនកិច្ចរបស់លោកស្រី Colonna ទៅកាន់រដ្ឋធានីរបស់ចិន ដែលផ្តោតលើកិច្ចសន្ទនា ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ស្តីពី ការផ្លាស់ប្តូររវាងរប្រជាជន និងប្រជាជន ទំនងជា ត្រូវបានគ្របដណ្ដប់ដោយបញ្ហាពាណិជ្ជកម្ម។ មន្រ្តីទូតបារាំងមួយរូបបាននិយាយ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា លោកស្រីរដ្ឋមន្ត្រីនឹងលើកឡើងអំពីបំណងប្រាថ្នារបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ចំពោះ បញ្ហាសេដ្ឋកិច្ច និងដើម្បីធានាថាការផ្លាស់ប្តូរជាមួយ ចិនមានតុល្យភាពជាងមុន។ ប្រភពដដែលបានបន្ថែមថា បារាំងគាំទ្រការស៉ើបអង្កេតរបស់ គណៈ កម្មការអឺរ៉ុប ដោយគ្មានការសង្ស័យ។

លោកស្រី Colonna ក៏នឹងពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែនជាមួយសមភាគីចិន និងជំរុញទីក្រុងប៉េកាំង ឲ្យប្រើឥទ្ធិពលរបស់ខ្លួនលើអ៉ីរ៉ង់ កុំឲ្យលូកដៃ ចូលក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា។ ដោយឡែកបញ្ហាដែលកូរ៉េខាងជើង ទើបអះអាងពីការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួន នឹងក្លាយជាប្រធានបទសំខាន់មួយទៀតនៃការពិភាក្សាគ្នាផងដែរ៕