(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះបាននិយាយថាខ្លួននឹងស្ដារឡើងវិញនូវរាល់វិធានការយោធាទាំងអស់ដែលត្រូវបាន លុបចោលកន្លងមក នៅក្រោមកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយកូរ៉េខាងត្បូងក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងតាមបណ្ដោយព្រំដែន ហើយក៏បានសន្យាដែរថានឹងដាក់ពង្រាយអាវុធថ្មីនៅតាមព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសខាងលើរបស់ក្រសួងការពារជាតិកូរ៉េខាងជើង ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូងប្រកាសព្យួរផ្នែកខ្លះនៃកិច្ចព្រមព្រៀង យោធាអន្តរកូរ៉េ ជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដែលទីក្រុងព្យុងយ៉ាងអះអាងថាទទួលបានជោគជ័យ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ចាប់ពីពេលនេះតទៅ យើងនឹងមិនស្ថិតនៅក្រោមកាតព្វកិច្ច នៃកិច្ចព្រមព្រៀងយោធាកូរ៉េខាងជើង-កូរ៉េខាងត្បូងកាលពីថ្ងៃទី១៩ ខែកញ្ញា (ឆ្នាំ២០១៨) ទៀតនោះទេ។ យើងនឹងលុបចោលការរឹតត្បិតយោធា ចាត់វិធានការដើម្បីបង្ការភាពតានតឹងយោធា និងជម្លោទាំងជើងគោក សមុទ្រ និងអាកាស ជាមួយការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លា និងអាវុធថ្មីៗ នៅក្នុងតំបន់ស្ថិតនៅតាមបណ្ដោយតំបន់ព្រំដែនគ្មានយោធា»៕