(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានដាស់តឿនឱ្យប្រជាជនអ៊ុយក្រែន ត្រៀមលក្ខណៈសម្រាប់រលកវាយប្រហារសាជាថ្មីរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធ ខណៈរដូវរងាកាន់តែខិតជិតចូលមក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ហ្សេលេនស្គី ចេញសារព្រមានខាងលើក្នុងសុន្ទរកថាវីដេអូមួយ មួយថ្ងៃបន្ទាប់ពីរុស្ស៉ីដឹកនាំការវាយប្រហារដោយប្រើមីស៊ីលជាលើកដំបូងលើ រដ្ឋធានីកៀវ ក្នុងរយៈពេលជាង ៧សប្ដាហ៍មកនេះ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្ថិតនៅពាក់កណ្ដាលនៃខែវិច្ឆិកា និងត្រូវតែត្រៀមលក្ខណៈសម្រាប់ការពិតដែលសត្រូវអាចនឹងបង្កើនការវាយប្រហារដោយយន្ដហោះដ្រូន និងមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធរបស់ យើង»។ តាមលោក ហ្សេលេនស្គី កងទ័ពអ៊ុយក្រែនក៏បានព្យាករផងដែរពីការវាយប្រយុទ្ធគ្នាកាន់តែសាហាវក្នុងតំបន់ភាគខាងកើតនៃប្រទេស៕