(ហ្ស៊េរុយសាឡិម)៖ យន្ដហោះចម្បាំងអ៉ីស្រាអែល បានដឹកនាំការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកភេរវករនៅក្នុងប្រទេសស៊ីរី ជាការឆ្លើយតប ទៅនឹងការវាយប្រហារឆ្លងដែនមកលើតំបន់ Golan Heights។ នេះជាការបញ្ជាក់ពីកងទ័ពអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។
កងទ័ពអ៉ីស្រាអែលបានគូសបញ្ជាក់នៅលើបណ្ដាញ Telegram នៅថ្ងៃអាទិត្យនេះដូច្នេះថា «កាលពីប៉ុន្មានម៉ោងមុននេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារ មានគោលដៅលើតំបន់ Golan Heights កាលពីថ្ងៃម្សិលមិញ (ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា» យន្ដហោះចម្បាំងបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ ពួកភេរវករនៅក្នុងប្រទេសស៊ីរី»។
កាលពីថ្ងៃសៅរ៍ កងទ័ពអ៉ីស្រាអែលបានឱ្យដឹងថាមានគ្រាប់រ៉ុក្កែត ២គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសស៊ីរី ធ្លាក់ចំតំបន់គ្មានមនុស្សរស់នៅក្នុងតំបន់ Golan Heights ហើយស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងពាសពេញតំបន់៕