(បាងកក)៖ លោក Pita Limjaroenrat ដែលជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីកន្លងទៅនៅប្រទេសថៃ ប៉ុន្តែបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្រ្តី បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍នេះថា នឹងព្យាយាមឈរឈ្មោះជានាយករដ្ឋមន្រ្តី សាជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនយោបាយវ័យ៤៣ឆ្នាំរូបនេះ បានដឹកនាំគណបក្ស Move Forward ទទួលបានជ័យជម្នះដ៏ភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសកលថៃ កាលពីខែឧសភា ឆ្នាំនេះ ប៉ុន្តែរូបលោកត្រូវបានរារាំងមិនឱ្យអាចក្លាយជានាយករដ្ឋមន្រ្តីបាន ដោយក្រុមតំណាងរាស្រ្តគាំទ្រយោធានិងរបបរាជានិយម ដែលប្រឆាំងផែនការកំណែទម្រង់របស់គណបក្សលោក។ ក្រោយមក ទីបំផុតអតីតដៃគូរបស់គណបក្ស Move Forward គឺគណបក្ស Pheu Thai ក៏បានងាកទៅចាប់ដៃជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងជាមួយយោធា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន ដោយមានលោក សេដ្ឋា ថាវីស៉ីន ដែលជាបេក្ខជនរបស់ Pheu Thai ធ្វើជានាយករដ្ឋមន្រ្តី។
ក្នុងបទសម្ភាសន៍មួយជាមួយ AFP លោក Pita បានប្តេជ្ញាថានឹងធ្វើការព្យាយាមម្តងទៀត ដើម្បីប្រជែងយកតំណែងនាយករដ្ឋមន្រ្តីថៃ។ នៅពេលត្រូវបានសាកសួរថា តើរូបលោកគ្រោងនឹងឈរឈ្មោះម្តងទៀតដែរឬទេ លោក Pita បានឆ្លើយយ៉ាងដូច្នេះថា «ប្រាកដណាស់។ ខ្ញុំមិនចុះចាញ់ឡើយ ហើយវាអាស្រ័យតែលើពេលវេលាប៉ុណ្ណោះ»។ យ៉ាងណាមិញ បច្ចុប្បន្នលោក Pita ក៏កំពុងប្រឈមមុខជាមួយរឿងក្តីក្តាំង ដែលអាចមើលឃើញ រូបលោកត្រូវជាប់បម្រាមធ្វើនយោបាយជាច្រើនឆ្នាំ ផងដែរ៕